សន្តិសុខ និង សង្គម

ប.ស.ស បង្ហាញពីចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន ដល់អង្គភាព ធានារ៉ាប់រងសុខភាពហ្វីលីពីន ដើម្បីការអនុវត្តកាន់តែប្រសើរឡើង

ភ្នំពេញ៖ ក្រោយការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MOU) រវាង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និង អង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (Phil Health) កន្លងមក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បេឡាជាតិរបបសន្តិសុខសង្គម បានរៀបចំបទបង្ហាញមួយ រវាង ប.ស.ស និង PhilHealth ស្តីពីចក្ខុវិស័យ និងបេសកកម្ម នៃរបបសន្តិសុខសង្គម របស់ កម្ពុជា និង ហ្វីលីពីន ។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ុ សោភ័ណ នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា នាយក ប.ស.ស លោកស្រី ARSENIA B. TORRES មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ នៃអង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រី និងក្រុមការងារ មកពីភាគីទាំងពីរ ប្រមាណជា ៣០នាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំធំនៃ ប.ស.ស ។

គោលបំណងនៃការធ្វើបទបង្ហាញ ខាងលើនេះ គឺដើម្បីផ្សព្វផ្សាយពីភាគីម្ខាងៗ ឱ្យបានយល់ដឹងពីនីតិវិធី ក៏ដូចជាវិធីសាស្រ្ត នៃការអនុវត្តរបបសន្តិសុខសង្គម ឱ្យគ្នាទៅវិញទៅមក ក្នុងទិសដៅរួមមួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និង អង្គភាពធានារ៉ាប់រង សុខភាព ហ្វីលីពីន (Phil Health) លើចំណុចដែលខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដើម្បីដោះស្រាយ ធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕

Facebook Comments

To Top