នយោបាយ

នាយករដ្ឋមន្រ្តី កំពុងដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ច ៣ប្រទេស ក្នុងសហគមន៍អឺរ៉ុប ពិភាក្សាបញ្ហាតំបន់ និងពិភពលោក

ភ្នំពេញ៖ ទីសហគមន៍អឺរ៉ុប (EU) គឺជាកន្លែងដែលមានការគំរាមកាត់ផ្តាច់ប្រព័ន្ធ អនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងអាវុធពីកម្ពុជា(EBA) ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៩។

គោលដៅប្រទេស ដែលសម្តេចបំពេញទស្សនកិច្ចនោះ មាន៣ប្រទេសរួមមាន៖ សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី។ ក្នុងទស្សនកិច្ចក្រៅពី ការចូលរួមកិច្ចប្រជុំនានា សម្តេចតេជោ ក៏នឹងជួបថ្នាក់ដឹកនាំ នៃបណ្តាប្រទេសទាំងនោះ ដើម្បីពិភាក្សាពីបញ្ហាតំបន់ និងពិភពលោក។ ប៉ុន្តែមិនទាន់ដឹងថា នឹងពិភាក្សាពីបញ្ហាEBAឬយ៉ាងណាទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋឆែក តបតាមការអញ្ជើញលោក អេនដ្រេហ្គ បាប៊ីស(Andrej_Babis) នាយករដ្ឋមន្ត្រីឆែក ពីថ្ងៃទី ១៣-១៤ តុលា ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀត សម្តេចតេជោ និងលោក អេនដ្រេហ្គ បាប៊ីសនឹងជួបទ្វេភាគីលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ 

បន្តមកទៀតសម្តេច បំពេញទស្សនកិច្ចនៅហុងគ្រីនៅថ្ងៃ១៥ តុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូលប៊ុយដាប៉ែស ស្តីពីទឹក លើកទី៣ ក្រោមប្រធានបទ «ការទប់ស្កាត់វិបត្តិទឹក » តបតាមការអញ្ជើញលោក យ៉ាណូស អាឌ័រ (János Ader) ប្រធានាធិបតីហុងគ្រី។

ក្នុងអំឡុងពេលស្នាក់នៅ ទីក្រុងប៊ុយដាប៉ែស សម្តេចតេជោ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយប្រធានាធិបតីហុងគ្រី ព្រមទាំងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែជាមួយលោក លី យ៉ុង (Li Yong) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO)។

ចុងក្រោយ នាយករដ្ឋមន្រ្តី ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប៊ុលហ្គារី តបតាមការអញ្ជើញរបស់ លោក ប៉ូយកូ បូរីសសុវ (Boyko BorisSOV) នាយករដ្ឋមន្ត្រី ប៊ុលហ្គារី ពីថ្ងៃទី១៥-១៦ តុលា ។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោ នឹងជួបទ្វេភាគីជាមួយសមភាគីប៊ុលហ្គារី លោកប៉ូយកូ បូរីសសុវ នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ ទៅវិញទៅមក និងការបារម្ភរួមគ្នា៕

Facebook Comments

To Top