នយោបាយ

សម្តេចតេជោ៖ កម្ពុជាមានមោទកភាព ចំពោះសាសនាទាំងអស់ ដោយមិនមានជម្លោះជាមួយគ្នា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាមានមោទកភាពចំពោះសាសនា ទាំងអស់ដែលបានរស់នៅមិនមានជម្លោះនឹងគ្នា ហើយក៏មិនមានការវាយប្រហារខាងណានោះទេ។ 

សាសនាធំៗនៅកម្ពុជាមាន៣ធំៗរួមមាន៖ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ , ឥស្លាមសាសនា និងគ្រីស្ទសាសនា។

ក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយប្រជាពលរដ្ឋខ្មែរ ជាគ្រីស្ទបរិស័ទ ជាង ៣,០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា “សម្រាប់ប្រទេសកម្ពុជាបងប្អូនជឿទៅលើសាសនាមួយណា គឺជាសិទ្ធសេរីភាពរបស់បងប្អូន”។

នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សាសនាទាំងអស់នៅកម្ពុជាបានរស់ឡើងវិញ ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។ ទំនាក់ទំនងរដ្ឋ និងសាសនាពិតជាបានបំពេញឲ្យគ្នាទៅវិញទៅមក ហើយនៅលើលោកនេះ គ្មានសាសនាណាដែលប្រដៅមនុស្សឲ្យធ្វើអំពើអាក្រក់នោះទេ​។

ក្នុងពិធីសំណេះសំណាលនោះសម្តេចតេជោបានអំពាវនាវពលរដ្ឋអនុវត្តនូវ៦ចំណុចសំខាន់ៗ៖

១)ត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស ។

២)ត្រូវចូលរួមអនុវត្តឲ្យបានខ្ចប់ខ្ចួន នូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ។

៣)តាមសហគមន៍ ឬតាមវិហារសាសនា ត្រូវចូលរួមក្នុងយុទ្ធនាការកាត់បន្ថយ និងលុបបំបាត់បញ្ហាគ្រឿងញៀនខុសច្បាប់ផ្សេងៗ។

៤) ត្រូវយកចិត្តទុកដាក់លើបញ្ហាចរាចរណ៍ដែលជាបញ្ហាសំខាន់ក្នុងប្រទេស។

៥)ត្រូវបន្តការយកចិត្តទុកដាក់លើការធ្វើសុខដុមនីយកម្ម សាសនាខ្លួនឯង។

៦)ត្រូវបន្តធ្វើការបណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើនបន្ថែមទៀត ៕

Facebook Comments

To Top