ព័ត៌មានជាតិ

តំណាងរាស្ត្រខេត្តកំពង់ចាម ៖ មានការរីកចម្រើនថ្ងៃនេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាព

កំពង់ចាម៖ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ហ៊ុន ណេង បានថ្លែងថា ” ការរីកចម្រើនលើគ្រប់វិស័យនៅថ្ងៃនេះដោយសារ ប្រទេសជាតិមានសុខសន្តិភាព ” ។ លោកតំណាងរាស្ត្រ បានលើកឡើងដូច្នេះក្នុងពិធីសម្ភោធ បើកឲ្យប្រើប្រាស់អាគារ បឋមសិក្សាមួយខ្នង នាព្រឹកថ្ងៃទី ១២ ខែតុលាឆ្នាំ ២០១៩ នៅភូមិទ័ព ឃុំសុភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ 

លោកតំណាងរាស្ត្របានថ្លែងបន្តថា កាលពីសម័យមុន ចំពោះអ្នកសិក្សា ពិបាកក្នុងការរកសាលារៀន ហើយបើមានក៏នៅឆ្ងាយឆ្ងាយពីទីកន្លែងរស់នៅរបស់ខ្លួន ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ដោយសារតែប្រទេសជាតិ មានការរីកចម្រើន រាជរដ្ឋាភិបាលបានសាងសង់អាគារសិក្សាយ៉ាងច្រើន មានបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅតាមមូលដ្ឋានដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស  និងបង្កភាពងាយស្រួលដល់សិស្សានុសិស្ស មិនលំបាកក្នុងការធ្វើដំណើរទៅសិក្សា ឆ្ងាយពីលំនៅដ្ឋានរបស់ខ្លួននោះទេ។ 

តាមលោកតំណាងរាស្ត្រ នេះជាផ្នែកមួយការរីកចម្រើនលើវិស័យប្រព័ន្ធអប់រំ ប៉ុន្តែនៅវិស័យជាច្រើនទៀត ដែលមានការអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី ខិតខំរក្សាសុខសន្តិភាព និងកំពុងអនុវត្តទៅលើយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ក្នុងគោលដៅ អោយប្រជាពលរដ្ឋរស់នៅមានការរីកចម្រើន និងភាពសុខសាន្តទាំងអស់គ្នា ។ 

ដូច្នេះការរីកចម្រើន ភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើងដែលកំពុងមាន យើងត្រូវខិតខំថែរក្សាតម្លៃនៃសុខសន្តិភាពនេះបន្តទៅទៀតឲ្យបានគង់វង្សយូរអង្វែង ។

Facebook Comments

To Top