ព័ត៌មានជាតិ

រដ្ឋមន្រ្តីទេសចរណ៍ អំពាវនាវ ឲ្យធុរជនចូលរួម ព្រឹត្តិការណ៍ទេសចរណ៍នានា នៅកម្ពុជាបន្ដទៀត

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអំពាវនាវដល់ធុរជន នៅក្នុងវិស័យទេសចរណ៍ ដែលបានចូលរួម ក្នុងពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី៣ (CTM-២០១៩) ឲ្យបន្តចូលរួមព្រឹត្តិការណ៍ ទេសចរណ៍នានាជាច្រើនទៀត ដែលកម្ពុជានឹងប្រារព្ធឡើង ជាបន្តបន្ទាប់នាពេលខាងមុខ។

ក្នុងពិធីលៀងសាយភោជន៍ ក្រោយការបើកសម្ពោធពិព័រណ៍ CTM ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ លោក ថោង ខុន មានប្រសាសន៍ថា “សូមអំពាវនាវដល់ធុរជន ក្នុងវិស័យទេសចរណ៍ ដែលបានចូលរួមក្នុងពិព័រណ៍ CTM ឆ្នាំ២០១៩នេះ សូមបន្តចូលរួមព្រឹត្តិការណ៍ ទេសចរណ៍នានាជាច្រើនទៀត ដែលកម្ពុជានឹងប្រារព្ធឡើងជាបន្តបន្ទាប់”។

លោកបន្តថា កម្ពុជាមានមរតកវប្បធម៌ដ៏សម្បូរបែប ជាពិសេសតំបន់ប្រាសាទនានា ជាបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO ជាផលិតផលដ៏ពិសិដ្ឋ ព្រមជាមួយធនធានធម្មជាតិ ដែលជាកក្តាលីករ ទាក់ទាញទេសចរ មកពីជុំវិញពិភពលោក កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកបន្ថែមថា រាជរដ្ឋាភិបាល កំពុងខិតខំបន្ថែមទៀត ដើម្បីធ្វើការអភិវឌ្ឍផលលិតផលទេសចរណ៍ នៅតាមគោលដៅសំខាន់ៗផ្សេងទៀត ទាំងនៅសៀមរាប រាជធានីភ្នំពេញ តំបន់ឆ្នេរ ច្រករបៀងភាគខាងត្បូង និងតំបន់អេកូទេសចរណ៍ នៅភូមិភាគឦសាន និងភូមិភាគនិរតី ដែលមានព្រៃកោងកាងដ៏ស្រស់បំព្រង និងធំជាងគេនៅអាស៊ីអាគ្នេយ៍។

ចំណែក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ដើម្បីចូលរួមចំណែក លើកស្ទួយវិស័យទេសចរណ៍ រដ្ឋបាល រាជធានីភ្នំពេញ បានកែលម្អគុណភាពសេវាកម្មទេសចរណ៍ ព្រមទាំងបានខិតខំធ្វើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ធ្វើឲ្យទីក្រុងមានការប្រែប្រួលមុខមាត់ថ្មី និងរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។

ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់ សុខុមាលភាពសាធារណៈ តាមរយៈការ ពង្រឹងសេវាសុខាភិបាល ឱ្យមានគុណភាព ការកែលម្អ អនាម័យ-បរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការចូលរួមទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់មានសុវត្ថិភាព” និងការផ្តល់ សេវាសាធារណៈ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ។

សូមរំលឹកថា ពិព័រណ៍ទេសចរណ៍កម្ពុជា អន្តរជាតិលើកទី៣ (CTM-២០១៩) មានក្រុមហ៊ុនចូលរួម តាំងពិព័រណ៍សរុបចំនួន ១៥៧ ស្តង់ ក្នុងនោះក្រុមហ៊ុនក្នុងស្រុក ចំនួន ៩០ស្តង់ និង ក្រុមហ៊ុនអន្តរជាតិចំនួន ៦៧ស្តង់៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top