ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍គម្រោងជំនួយអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ១០០លានដុល្លារ

ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថាកម្ពុជា សូមស្វាគមន៍ចំពោះជំនួយរបស់អាមេរិក ក្នុងទំហំទឹកប្រាក់ ១១៣លានដុល្លារជាពិសេស រាជរដ្ឋាភិបាល មិនប្រកាន់និន្នាការ ជាមួយបរទេសឡើយ។

យោងតាមការចុះផ្សាយរបស់ ខេមបូឌាដេលី នាពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជា អាចនឹងទទួលបាន ថវិកាជំនួយពីអាមេរិក ចំនួន១១៣លានដុល្លារ ក្នុងឆ្នាំ២០២០ ខាងមុខនេះ បើរាជរដ្ឋាភិបាលគិតគូរ ដល់អធិបតេយ្យជាតិរបស់ខ្លួន និង គោរពរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ១៩៩៣។

ជាការឆ្លើយតប លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ថា “ចំពោះកម្ពុជាយើងស្វាគមន៍ រាល់ប្រទេសជាមិត្ត ដែលជាភាគីដៃគូអភិវឌ្ឍហ្នឹង ស្វាគមន៍ជានិច្ច។ កម្ពុជាមិនមានការបែងចែក ឬប្រកាន់នូវនិន្នាការនោះទេ គឺកម្ពុជាមិត្តជាមួយនឹងបរទេសទាំងអស់ នៅលើលោក”៕

ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top