ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់ជំហរគាំទ្រ កាណាដា ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ

ភ្នំពេញ :សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថានឹងគាំទ្របេក្ខភាពរបស់កាណាដា ជាសមាជិកមិនអចិន្ត្រៃយ៍ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ២០២១-២០២២ ដែលនឹងបោះឆ្នោត នៅក្នុងឆ្នាំ២០២០ ខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បាន អះអាង បែបនេះក្នុង ជំនួបពិភាក្សាការងារ ជាមួយ លោកស្រី Domica Pottie ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជាចប់អណត្តិនៅថ្ងៃទី១១តុលា។

ក្នុងជំនួបនោះ លោកស្រី បានសំដែងនូវក្តីរីករាយដែល បានជួបពិភាក្សាការងារជាមួយនឹងសម្ដេច តេជោនាយករដ្ឋមន្ត្រី។ លោកស្រី មកបំពេញបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា២ អាណត្តិហើយគឺអណត្តិទី១ គឺពី ២០០៤-២០០៧ និងអណត្តិទី២ ពី ២០១៦-២០១៩។

លោកស្រី បានមានប្រសាសន៍ថា កម្ពុជា និងកាណាដាមានទំនាក់ទំនង ជាមួយគ្នាជាយូរមកហើយ ហើយក៏បានចូលរួម ក្នុងកិច្ចការជាច្រើនជាមួយ ប្រទេសកម្ពុជាផងដែរ។ លោកជំទាវ ក៏បានសម្ដែងការពេញចិត្ត និងបានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេស កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី។  លោកស្រី ក៏មានការពេញចិត្តផងដែរសំរាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាកាណាដា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលណាបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាក្នុងការស្វែងរកសន្តិភាព សម្រាប់កម្ពុជា ក្នុងនោះប្រទេសកាណាដាក៏បាន ចូលរួមក្នុងវិស័យសំខាន់ៗផងដែរ ដូចជាការវិនិយោគ ពាណិជ្ជកម្ម ការបោសសំអាតមីន វិស័យធនាគារ និងអប់រំជាដើម។ សម្រាប់ទំហំពាណិជ្ជកម្មរវាងកាណាដា និងកម្ពុជាវិញជាង១ពាន់លានដុល្លារ ហើយផលិតផលរបស់កម្ពុជាដែលនាំចេញទៅកាន់ ប្រទេសកាណាដាច្រើននោះគឺសម្លៀកបំពាក់។ ត្រង់ចំនុចនេះ លោកស្រី ក៏បានកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបងប្អូន កម្មករ កម្មការិនីដែលបម្រើការងារលើវិស័យវឧស្សាហកម្មនេះ។

ជាពិសេសការផ្ដល់នូវ តម្រូវការសំខាន់ដល់កម្មករ ដូចជា ការគិតគូរពីកន្លែងធ្វើការ ប្រាក់ខែ និងរបបគាំពារសង្គម ជាដើមជាពិសេសស្ត្រីដែលមានផ្ទៃពោះនោះ។ លោកស្រី ក៏ដូចជាប្រទេសកាណាដាកាន់តែ មានជំនឿទុកចិត្តមកលើប្រទេស កម្ពុជា ជាពិសេសការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកស្រី បានមានប្រសាសន៍ទៀតថា ថ្មីៗនេះយើងបានចុះហត្ថលេខា ជាមួយគ្នា ទាក់ទងវិស័យអប់រំជាមួយ នឹងមហាវិទ្យាល័យ ផារ៉ាហ្គន ដើម្បីបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសកាណាដា ហេីយលោកស្រីនឹងខិតខំដើម្បី ឱ្យមានអាហារូបករណ៍បន្ថែមទៀតសម្រាប់ការ បណ្ដុះបណ្ដាលធនធានមនុស្ស របស់កម្ពុជា៕

Facebook Comments

To Top