នយោបាយ

នាយករដ្ឋមន្រ្តីប្រកាសថា ទោះបីក្នុងតម្លៃណាក៏ដោយ មិនឲ្យផែនការរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតឡើងជាដាច់ខាត

ភ្នំពេញ៖ជាថ្មីម្ដងទៀត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១១ ខែ តុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលនឹងអនុវត្តវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឲ្យផែនការរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតឡើងយ៉ាងដាច់ខាត។ នេះបើយោងតាមលទ្ធផល កិច្ចប្រជុំគណៈរដ្ឋមន្រ្តី។

ការព្រមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បែបនេះស្របពេល ដែលទណ្ឌិតសម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ដែលកំពុងសម្ងំលាក់ខ្លួននៅក្រៅប្រទេស បានធ្វើការអំពាវនាវជាបន្តបន្ទាប់ ឲ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋបះបោរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩ ខែ វិច្ឆិកា ខាងមុខនេះក្នុងពេល ដែលទណ្ឌិតរូបនេះវិលចូលស្រុកខ្មែរវិញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ទោះបីក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យផែនការរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតឡើងជាដាច់ខាត ហើយក៏មិនអត់ឱនឱ្យដែរ។ រាជរដ្ឋាភិបាលអនុវត្តវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់បំផុត។ ចំពោះជនទាំងឡាយណា ដែលចូលរួម៖ ប្រព្រឹត្តអំពើក្បត់ជាតិ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់, ផ្សព្វផ្សាយផែនការរដ្ឋប្រហារ តាមបណ្តាញទំនាក់ទំនងសង្គមនានា និងទៅទទួលដំណើរជនក្បត់ជាតិ សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ “។

សូមរំលឹកថា គិតមកដល់ពេលនេះ មានមនុស្សជិត ៤០ នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន ខណៈជាង ២០០ នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ ពីបទរួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្ស៊ី ចំណែក មនុស្ស២នាក់ផ្សេងទៀត ត្រូវបានលើកលែងការចោទប្រកាន់ ក្រោយចូលខ្លួនសារភាពកំហុស៕

Facebook Comments

To Top