អត្ថបទពាណិជ្ជកម្ម

សិស្ស សាលាអន្តរជាតិ វេស្ទលែនដ៍ និទ្ទេស A និង B ទៅទស្សនកិច្ចសិក្សា នៅសិង្ហបុរី ដើម្បីដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍សិក្សា

កណ្ដាល៖ដើម្បីជាការលើកទឹកចិត្ត ដល់សិស្សនិទ្ទេស A និង B នៃសាលាអន្តរជាតិ វេស្ទលែនដ៍ សាលាបានឧបត្ថម្ភ និងរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់សាលាដែលជាដៃគូរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ក្នុងប្រទេស សិង្ហបុរី រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍សិក្សា នៅថ្នាក់សាកលវិទ្យាល័យដៃគូ វេស្ទលែនដ៍។

សាលាអន្តរជាតិ វេស្ទលែនដ៍ គឺជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលបានទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ២១៧២ អយកប្រក ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១១ មានទីតាំងស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបើកដំណើរការ កម្មវិធីចំណេះទូទៅខ្មែរ ថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងថ្នាក់ភាសាអង់គ្លេសទូទៅ។

ក្នុងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ប្រទេសសិង្ហបុរីនេះ ចំពោះសិស្សនិទ្ទេស A មាន៣ រូប សាលាបាន ឧបត្ថម្ភ លើការចំណាយ ១០០% និងជាមួយទឹកប្រាក់ចំនួន២លានរៀល ក្នុងសិស្សម្នាក់ និងសិក្សាថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង ដោយឥតគិតថ្លៃ ៤ត្រីមាស។
ចំណែកសិស្សនិទ្ទេស B មានចំនួន៦នាក់ សាលាបានឧបត្ថម្ភលើការចំណាយ ៥០% ឬក្នុងម្នាក់ៗ ទទួលបានទឹកប្រាក់១លានរៀល និងការសិក្សាភាសាអង់គ្លេស ក្រៅម៉ោង ដោយឥតគិតថ្លៃរយៈពេល៤ត្រីមាសផងដែរ។

រីឯសិស្សនិទ្ទេស C D និង E និងទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ លើការសិក្សាភាសាអង់គ្លេសក្រៅម៉ោង ពេញមួយឆ្នាំផងដែរ។ លើសពីនេះទៅទៀត ដើម្បីជាការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្ត និងការតបស្នងដល់លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សាលាឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀល ជូនដល់លោកគ្រូ-អ្នកគ្រូ តាមមុខវិជ្ជាដែលមានសិស្ស ទទួលបាននិទ្ទេស A ចាប់ពី ៣នាក់ឡើងទៅ។

គោលបំណងនៃដំណើរទស្សនកិច្ចគឺដើម្បីជាការលើកទឹកចិត្ត ដល់សិស្សបណ្តុះភាពជាអ្នកដឹកនាំវ័យក្មេង បណ្តុះផ្នត់គំនិត អោយមានភាពម្ចាស់ការលើខ្លួនឯងដកពិសោធន៍ និងស្វែងយល់ពីប្រព័ន្ធអប់រំ នៅប្រទេសសិង្ហបុរី និងស្វែងយល់ពីពិភពខាងក្រៅ ប្រទេសអភិវឌ្ឍ ។ សកម្មភាពនៃដំណើរទស្សនកិច្ចរបស់សិស្សរួមមាន៖ចូលជួបសម្តែងការគួរសមជាមួយអគ្គរាជទូតខ្មែរ នៅ ស្ថានទូតខ្មែរ ប្រចាំនៅសឹង្ហបុរី,ទស្សនកិច្ច Singapore Institute of Management (SIM) ដែលជាសាកលវិទ្យាល័យដៃគូរបស់ វេស្ទលែនដ៍ នៅសិង្ហបុរី ,ស្វែងយល់ពីប្រទេសសឹង្ហបុរី តាមរយៈការទស្សនាទីក្រុង និងកម្សាន្តតាមតំបន់ទេសចរណ៍សឹង្ហបុរី ដូចជា Merlion Park, Gardens by the bay, S.E.A Aquarium, Universal Studio Singapore និង Sentosa ជាដើម។

លោក ថន សុកលីម នាយកប្រតិបត្តិនៃសាលាអន្តរជាតិ វេស្ទលែនដ៍ បានឲ្យដឹងថា “ជំនួសមុខឲ្យគណៈនាយក គណៈគ្រប់គ្រង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងមានមោទនភាព យ៉ាងក្រៃលែង ចំពោះលទ្ធផលដែលយើងទទួលបាន”។
លោកបន្តថា “លទ្ធផលដ៏ល្អនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា រួមមានគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ មាតាបិតា-អ្នកអាណាព្យាបាលសិស្ស សាមីសិស្ស និងសង្គម។ ប្រសិនបើគ្មានការចូលរួមចំណែកណាមួយទេ សិស្សក៏មិនអាចប្រឡងជាប់ជាស្ថាពរ ១០០ភាគរយ និងទទួលបាននិទ្ទេសល្អនោះដែរ”។

លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូ សាលាអន្តរជាតិ វេស្ទលែនដ៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តក្នុងការបង្រៀន និងអប់រំសិស្សឲ្យទទួល បានចំណេះដឹងពិតប្រាកដ មានវិន័យល្អ សីលធម៌ល្អ និងអប់រំសិស្សឲ្យក្លាយជាពលរដ្ឋល្អ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។

ក្នុងឱកាសនោះ លោកក៏បានជូនពរដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A និងសិស្សានុសិស្សនៃសាលាអន្តរជាតិ វេស្ទលែនដ៍ទាំងអស់ ឲ្យមានសុខភាពល្អ និង ទទួលបានជោគជ័យក្នុងការសិក្សាក្នុងឆ្នាំសិក្សាបន្តបន្ទាប់ផងដែរ។

កាន់តែពិសេសនោះ លោក បានអំពាវនាវដល់សិស្សដែលប្រឡងធ្លាក់ កុំឲ្យមានការបាក់ទឹកចិត្ត និងអស់សង្ឃឹម ពីព្រោះលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺជាការវាស់ស្ទង់សមត្ថភាព របស់ប្អូនៗតែប៉ុណ្ណោះ មិនមែនជាការបញ្ចប់អនាគតរបស់ប្អូនៗនោះទេ។ អនាគតរបស់ប្អូនៗ នៅវែងឆ្ងាយទៅមុខទៀត ដូច្នេះសូមប្អូនៗខិតខំប្រឹងប្រែងដើម្បីខ្លួនឯង ក៏ដូចជាដើម្បីគ្រួសារផងដែរ។

សូមបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងពីសាលា និងការយកចិត្តទុកដាក់ក្នុងការបង្រៀន និងរៀនពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រកបដោយឆន្ទៈខ្ពស់ តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់មធ្យមសិក្សា សិស្សថ្នាក់ទី១២ នៃសាលាអន្តរជាតិ វេស្ទលែនដ៍ ក្នុងឆ្នាំសិក្សា២០១៨-២០១៩ ទាំងអស់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាស្ថាពរ ១០០ភាគរយ និងទទួលបាននិទ្ទេស A ចំនួន៣នាក់។

គួររំលឹកថា សាលាអន្តរជាតិ វេស្ទលែនដ៍ កន្លងមកធ្លាប់បានដឹកនាំសិស្សានុសិស្ស ទៅក្រៅប្រទេសជាច្រើនដងរួចហើយ តាមរយៈកម្មវិធីទស្សនកិច្ចសិក្សា និង កម្មវិធីបោះជំរំយុវជនអាស៊ាន ដោយមានការសហការណ៍ជាមួយសាកលវិទ្យាល័យដៃគូ របស់ WESTLAND នៅប្រទេសថៃ និង សិង្ហបុរី ជាដើម។ ជាក់ស្តែង កន្លងទៅថ្មីៗនេះ WESTLAND ទើបបានរៀបចំទស្សនកិច្ចសិក្សា ទៅសហរដ្ឋអាមេរិក បានយ៉ាងជោគជ័យ៕ដោយ៖ធី លីថូ

Facebook Comments

To Top