នយោបាយ

តុលាការកំពូល នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ សវនាការរឿងក្តីយុវជន គង់ រ៉ៃយ៉ា ករណីញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ខាងមុខនេះតុលាការកំពូល នឹងបើកសវនាការរឿងក្តីយុវជន គង់ រ៉ៃយ៉ា ករណីញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធការប្រកាស លក់អាវលោកបណ្ឌិត កែម ឡី ។

លោក សំ សុគង់ មេធាវីការពារក្តីយុវជន គង់ រ៉ៃយ៉ា ថ្លែងប្រាប់ នៅរសៀលថ្ងៃទី១១ ខែតុលា ថា សវនាការនេះ ជាការស្នើសុំនៅក្រៅឃុំបណ្តោះអាសន្ន ហើយលោកសង្ឃឹមថា តុលាការកំពូលនឹងអនុញ្ញាត អោយកូនក្តីនៅក្រៅឃុំ ។

លោកមេធាវី បន្តថា មានមូលហេតុច្រើនយ៉ាង ដែលតុលាការកំពូល គប្បីអនុញ្ញាតអោយកូនក្តីនៅក្រៅឃុំ ដោយលោក គង់ រ៉ៃយ៉ា មានក្រុមគ្រួសារ មានកូនតូច និងសំណុំរឿងនេះ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បិទការស៊ើបសួរហើយ ។

យុវជន គង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៤ ផ្លូវបេតុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន ៖ លោក ឃឹម ប៉ុណ្ណ ជាប្រធាន លោក សាលី ធារ៉ា លោក ទី ណេង លោក សេង នាង លោក អ៊ុង សៀង ជាចៅក្រមប្រឹក្សានៃក្រុមប្រឹក្សាជំនុំជម្រះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ប៉ូលិស បានចាប់ខ្លួនយុវជន៤នាក់ មានស្រី២នាក់ និងប្រុស២នាក់ ដឹកនាំដោយយុវជន គង់ រ៉ៃយ៉ា ដែល បានប្រកាសលក់ អាវយឺត ដែលមានរូបលោក កែម ឡី ។

ប៉ុន្តែក្រោយការសាកសួរសមត្ថកិច្ច បានដោះលែង៣នាក់ ឲ្យមានសេរីភាពវិញ គឺបញ្ជូនតែយុវជន គង់ រ៉ៃ យ៉ា ម្នាក់ប៉ុណ្ណោះមកតុលាការ ៕ គិរី

Facebook Comments

To Top