នយោបាយ

Full Story ៖ អ្នកណាបាត់បង់ដី មកប្រាប់លោក វ៉ា គីមហុង

ភ្នំពេញ ៖ ក្នុងនាមជាអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន លោកទេសរដ្ឋមន្រ្តី វ៉ា គីមហុង បានអះអាងដោះស្រាយ រាល់ការបាត់បង់ដី របស់ប្រជាពលរដ្ឋខ្មែរ រស់នៅតាមបន្ទាត់ព្រំដែន ហើយថា បើពលរដ្ឋណាម្នាក់ បាត់ដីត្រង់ចំណុចណា នៅព្រំដែនរាយការណ៍មក ដើម្បីដោះស្រាយឲ្យ។

បញ្ហាព្រំដែនកម្ពុជា-វៀតណាម មានជាមួយគ្នាជាយូរមកហើយ ដោយសារតែពលរដ្ឋ រស់នៅបណ្តោយព្រំដែនអះអាងថា វៀតណាមបានឈ្លានពាន ចូលទឹកដីពួកគាត់។ ចំណុចនេះ បានក្លាយជាប្រធានបទ របស់អតីតបក្សប្រឆាំង សម្រាប់ធ្វើការវាយប្រហារ មកលើរាជរដ្ឋាភិបាល។

ប៉ុន្តែបើតាមលោក វ៉ា គីមហុង ក្នុងឱកាសចូលឆ្លើយបំភ្លឺ នៅចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានធានាថា កម្ពុជាមិនបានបាត់ដីមួយចំអាម ទៅឲ្យភាគីវៀតណាមឡើយ ហើយកម្ពុជា បានធ្វើការដោះដូរតំបន់ ចំនួន៣៤ ជាមួយវៀតណាម ដោយសន្តិវិធី និងព្រមព្រៀងគ្នាទាំងស្រុង នាពេលកន្លងមក ។ ការបំភ្លឺរបស់លោក វ៉ា គីមហុង បន្ទាប់ពីលោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានស្នើទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីឲ្យមកបំភ្លឺលើកិច្ចការព្រំដែន បន្ទាប់អតីតមន្រ្តីបក្សប្រឆាំង វាយប្រហារមកលើរាជរដ្ឋាភិបាល ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារចំនួន២ ដើម្បីប្រកាសទទួលស្គាល់ ព្រំដែនខណ្ឌសីមាចំនួន៨៤ភាគរយ។

ក្រោយបញ្ចប់ការបកស្រាយ លោក ពេជ្រ ស្រស់ បានយល់ច្បាស់ និងព្រមទទួលយកនូវបកស្រាយ និងគាំទ្រកិច្ចការ របស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ប៉ុន្តែប្រតិភូរបស់បក្ស នឹងចុះស្រាវជ្រាវ ដល់ទីតាំងបោះបង្គោលជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់។ នេះបើយោងតាម សេចក្តីថ្លែងការណ៍របស់បក្ស។

លោក វ៉ា គីមហុង ថ្លែងថា ការវាស់វែង និងកំណត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង គឺយកផែនទី ដែលបានមកពីការផ្ទៀងផ្ទាត់គ្នា នៃផែនទីឧបសម្ព័ន្ធ រវាងគឺកម្ពុជា-ឡាវ , កម្ពុជា-វៀតណាម , កម្ពុជា-ថៃ និងកម្ពុជា-ចិន ដែលដូចគ្នា ជាមួយផែនទីដែលបានតម្កល់ នៅអង្គការសហប្រជាជាតិ។ ការយកសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ មកអនុវត្តន៍លើកិច្ចការព្រំដែននេះ គឺកម្ពុជា មិនបានបាត់បង់ដីនោះទេ មានតែបានផលចំណេញមកវិញ ដូចជា ការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ តាមខ្សែទឹកជ្រៅ ពោលគឺពាក់កណ្តាលម្នាក់ នៃច្បាប់អន្តរជាតិ ដែលប្រជាពលរដ្ឋខ្មែរ អាចប្រើប្រាស់ទឹកបាន ដោយមិនចាំបាច់ទិញទឹកដូចពីមុន ព្រោះកម្ពុជាប្រើប្រាស់សន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ១៩៨៥កន្លងមក។

លោកមានប្រសាសន៍ថា “ចំពោះការផ្លាស់ប្ដូរដីគ្នារវាងកម្ពុជា និងវៀតណាម អាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែនអាចធានាបានថា កម្ពុជាមិនបានបាត់ដីនោះទេ ពោលគឺកម្ពុជា បានធ្វើការដោះដូរតំបន់ចំនួន៣៤ តំបន់ជាមួយវៀតណាម ដោយសន្តិវិធី និងព្រមព្រៀងគ្នាទាំងស្រុង” ។

ចំណុចនេះហើយ បានលោកមានទឡ្ហីករណ៍ថា បើពលរដ្ឋណាម្នាក់ បាត់ដីមកប្រាប់លោក ។ លោកថា មិនមែនចេះតែបណ្តោយ ឲ្យមានការបាត់ដីទៅភាគីវៀតណាមនោះទេ ព្រោះថ្នាក់ដឹកនាំកម្ពុជា មិនព្រងើយកន្តើយឡើយ អំពីបញ្ហាព្រំដែន។

លោកបញ្ជាក់ថា “ខ្ញុំហ៊ាន និយាយចាប់ពីថ្ងៃនេះទៅបើថា លោកណាមានបាត់ដីនុង ប្រាប់ខ្ញុំមក កុំទៅនិយាយចោទៅទទេៗ ដើម្បីថាឲ្យពីរោះស្ដាប់ ដើម្បីគេថាយើងធ្វើផ្តេសផ្ដាស”។

លោកថា “គណៈកម្មការកិច្ចការព្រំដែន មានយន្តការការពារ មិនឲ្យប្រជាពលរដ្ឋខ្មែរ មានទុក្ខវេទនា ដោយសារការបោះបង្គោលព្រំដែនឡើយ។ ដោយគណៈកម្មការ កិច្ចការព្រំដែនមានយន្តការអនុស្សរណ នៃការយោគយល់គ្នា នៅឆ្នាំ២០១១ ដើម្បីធ្វើការសោះដូរដើម្បីរក្សា ដីស្រែចំការរប់ប្រជាពលរដ្ឋនៅដដែរ” ។

ការដោះដូរដីគ្នា កាលពីប៉ុន្មានឆ្នាំមុន នៅភូមិសម្តេច ហេង សំរិន ប្រធានរដ្ឋសភាមានមតិលើកឡើងថា បាត់ដីរបស់សម្តេច ហេង សំរិន ទៅវៀតណាម ប៉ុន្តែគ្មានឡើយ។ នេះជាការលើកឡើងរបស់លោក ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការឆ្លើយបំភ្លឺ។

ប្រធានគណៈកម្មាធិការព្រំដែន អះអាងទៀតថា ការដោះស្រាយព្រំដែន មិនមែនជារឿងងាយស្រួលឡើយ ពោលគឺមានការលំបាកជាខ្លាំង។ លោកបានលើកឡើងជាក់ស្តែងថា ក្នុងពេលទៅដោះស្រាយ បញ្ហាព្រំដែននៅវៀតណាមកាលពីថ្ងៃ៤-៥តុលាមានការពិភាក្សាវែកញែកគ្នា រហូតដល់ម៉ោង១២យប់ ទម្រាំមានការចុះហត្ថលេខា ទទួលស្គាល់ព្រំដែន៨៤ភាគរយ ។

ជាងនេះទៅទៀត គណៈកម្មការកិច្ចការព្រំដែនកម្ពុជា លើកឡើងថា ចំពោះការបោះបង្គោល កំណត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដែលពាក់ព័ន្ធទាំងនោះ គឺយកផែនទីយកមកប្រើប្រាស់ មានការព្រមព្រៀងគ្នាទាំងសងខាង និងបានបោះពុម្ពផែនទី នៅប្រទេសបារាំងដូចគ្នា។

ចំពោះការបោះបង្គោលព្រំដែន រវាងកម្ពុជា-វៀតណាម នៅសេសសល់១៦%ទៀត លោកថា កម្ពុជា-វៀតណាម មិនទាន់ឯកភាពគ្នាទេ ដោយតំបន់នោះ ភាគច្រើនសុទ្ធតែប្រជាជនវៀតណាម និងកំពុងចរចាគ្នា ឲ្យមានការឯកភាពគ្នា លើគោលការណ៍អន្តរជាតិផងដែរ។ សល់១៦ភាគរយទៀត មាននៅខេត្ត រតនគិរី កំពង់ចាម ត្បូងឃ្មុំ កណ្តាល៕

Facebook Comments

To Top