នយោបាយ

ប្រធានរដ្ឋសភា ស្នើទូតបង់ក្លាដេស ធ្វើកិច្ចសហការជាមួយ ស្ថាប័ននានារបស់កម្ពុជា

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាស្នើ ឯកអគ្គរដ្ឋទូតបង់ក្លាដេស បន្តធ្វើកិច្ចសហការជាមួយស្ថាប័ន នានារបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឲ្យរឹងមាំបន្ថែមទៀត។

ការស្នើរបស់សម្តេច ហេង សំរិន ក្នុងឱកាសអនុញ្ញាតឲ្យលោក ណាហ្សមុល កាវនិន (Md. Nazmul Quaunine) ឯកអគ្គរដ្ឋទូតថ្មីបង់ក្លាដេស ប្រចំាកម្ពុជាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។ ក្នុងជំនួបនោះ ប្រធានរដ្ឋសភា បានស្នើលោកទូតថ្មីធ្វើកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយបណ្តាក្រសួង ស្ថាប័ននានារបស់កម្ពុជាសំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានាឲ្យកាន់តែស្អិតរមួតថែមទៀត។ ចំពោះរដ្ឋសភា បានត្រៀមខ្លួនជាសេ្រចក្នុងការ ធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឲ្យបេសកកម្មការទូត របស់លោកទទួលបានជោគជ័យ។

សម្តេចចង់ឃើញប្រទេសទំាងពីរ កម្ពុជា-បង់ក្លាដេស បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ចំណែលោក ណាហ្សមុល កាវនិន បានលើកឡើងពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទំាងពីរដែលកើតមាន តំាងពីសម្តេចព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្រ្តី បង់ក្លាដេសមកម្លេះ។ រហូតមកដល់ពេលបច្ចុប្បន្ន នាយករដ្ឋមន្រ្តីប្រទេសទំាងពីរបានបន្តវប្បធម៌ដ៏ល្អ ក្នុងនោះថ្នាក់ដឹកនាំបង់ក្លាដេស បានសម្រេចយកព្រះនាម សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ ដាក់ឈ្មោះមហាវិថីមួយ នៅប្រទេសបង់ក្លាដេស។ កម្ពុជាក៏បានសម្រេចយក ឈ្មោះអតីតនាយករដ្ឋមន្រ្តីបង់ក្លាដេស ដាក់ឈ្មោះមហាវិថីមួយដែរ៕

ដោយ ស សំណាង

Facebook Comments

To Top