នយោបាយ

Full Story ៖ នាយករដ្ឋមន្រ្តីកម្ពុជាថា ល្បែងទណ្ឌកម្ម របស់មហាអំណាច មិនអាចសម្លាប់ប្រទេសណាបានទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ល្បែងទណ្ឌកម្មរបស់ ប្រទេសមហាអំណាច មិនអាចសម្លាប់ ប្រទេសតូចតាចបានទេ ខណៈកាលពីអតីតកាលកម្ពុជា ធ្លាប់ទទួលរងទណ្ឌកម្ម ពីគ្រប់ទិសទី ជាពិសេសប្រទេស ដែលស្រែកដាក់ទណ្ឌកម្មខ្លាំងជាងគេ ក៏បែររកស៊ីជាមួយកម្ពុជាដែរ ។

ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩-១០ តុលា ២០១៩) នៅព្រឹកថ្ងៃទី១០ តុលានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មនុស្សមួយចំនួនតែងតែថា សម្តេចជាអាយ៉ងរបស់វៀតណាម ប៉ុន្តែពេលនោះវៀតណាម មានកងទ័ពជាច្រើននៅកម្ពុជា ហើយជាពិសេសវៀតណាម មិនដែលប្រដៅ ឬបង្គាប់បញ្ជាឲ្យ សម្តេចធ្វើអ្វីឡើយ ផ្ទុយពីបរទេសមួយចំនួន តែងតែតម្រូវឲ្យធ្វើបែបនេះបែបនោះ ដោយដាក់លក្ខខណ្ឌផ្សេងៗ ។

ទាក់ទិនការដឹកនាំកែទម្រង់ប្រទេស សម្តេចតេជោអះអាង មានកម្លាំងសង្កត់៣ ដែលនាំឲ្យសម្ដេចមានគ្រោះថ្នាក់ គឺ៖ ទី១.ផ្ទៃក្នុងមិនចុះសម្រុងគ្នា, ទី២.វៀតណាមមិនដកកងទ័ព ចេញពីកម្ពុជា និងមិនទាន់មានការ ធ្វើកំណែទម្រង់នៅឡើយ និងទី៣.សហភាពសូវៀត និងអឺរ៉ុបខាងកើត អាចផ្តាច់ជំនួយពី រដ្ឋាភិបាលរដ្ឋកម្ពុជានាពេលនោះ។

សម្ដេចបញ្ជាក់ថា «ហើយពេលនោះគេដាក់ទណ្ឌកម្ម យើងគ្រប់ទិសទី ប៉ុន្តែកម្ពុជាអត់ស្លាប់ទេ អ្នកដែលស្រែកដាក់ទណ្ឌកម្ម ឲ្យកម្ពុជាខ្លាំងជាងគេ ក៏រកស៊ីជាមួយកម្ពុជាច្រើនជាងគេដែរ ខ្ញុំមិននិយាយប្រទេសណាទេ ប៉ុន្តែស្រែកឮនោះឮ ពេញអាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែរកស៊ីជាមួយកម្ពុជា ក៏ច្រើនដែរព្រោះកម្ពុជាប្រើដៃ ឯកជនទៅរកស៊ី គេដឹកទំនិញមក យើងដឹកទំនិញទៅ យើងទូទាត់ឲ្យគេទៅ ។ ពេលនោះពន្ធដែលប្រមូលបាន កំពង់សោមប្រមូលបានតិច ជាងកោះកុងទេ ព្រោះកោះកុងជាច្រកដែល ហ៊ុន សែន បើកឲ្យរកស៊ី… អីចឹងបានអាល្បែងទណ្ឌកម្មនេះ មិនអាចសម្លាប់អ្នកណាបានទេ កុំឆ្ងល់ពេក» ។

ពាក់ព័ន្ធបញ្ហាផ្ដល់ជំនួយ សម្ដេចតេជោលើកឡើង ដោយចោទជាសំណួរថា នៅលើពិភពលោក ឬនៅក្នុងតំបន់អាស៊ី តើមានរបបណាខ្លះ ពេលដែលបរទេសមកជួយហើយ ដកចេញទៅវិញ បែរជារដ្ឋបាលឋិតថេរ? គឺមានតែកម្ពុជាទេ ។

សម្ដេចមានប្រសាសន៍ថា «សូមក្រឡេកមើលរដ្ឋបាល លន់នល់ មានតែនិយាយរួមថា មានតែរដ្ឋាភិបាល ហេង សំរិន ហ៊ុន សែនទេ យើងមើលរដ្ឋាភិបាលលន់នល់ អាមេរិកចូលមកជួយ អាមេរិកដកទៅវិញ ដួលរលំវៀតណាមខាងត្បូង អាមេរិកមកជួយ អាមេរិកដកទៅវិញ ដួលរលំអាហ្វហ្គានីស្ថាន សូវៀតចូលមកជួយ ដល់សូវៀតដកទៅវិញរលំ… ដល់រដ្ឋាភិបាល ហ៊ុន សែន វៀតណាមចូលមកជួយ ដល់វៀតណាមដកចេញ ហ្នឹង ក្នុងដំណាក់កាលរដ្ឋាភិបាលរបស់ខ្ញុំ វៀតណាមដកទៅវិញ រដ្ឋាភិបាល ហ៊ុន សែន ឈរយ៉ាងមាំនៅទីនេះ» ។

លើសពីនេះ សម្ដេចតេជោគូសបញ្ជាក់ថា រយៈពេល ៤០ឆ្នាំក្រោយ កម្ពុជាកាន់តែមើលឃើញ ពីមោទកភាព ដែលបានប្រឹងប្រែង ងើបឈរឡើងពីគំនរផេះផង់ ដើម្បីការរស់រានរបស់ជាតិ ។ ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអ្នក ដែលបានចូលរួមចំណែក កាន់តែមានមោទកភាព ព្រោះយើងមិនបានទទួលមរតក ពីអ្វីដែលអតីតកាលបានបន្សល់ទុកទេ ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដូចកម្ពុជានោះទេ ដែលរហូតមកដល់ចុងសតវត្សរ៍ទី២០ ហើយគ្មានការចាយប្រាក់ទៀត មានតែការដោះដូរទំនិញគ្នាប៉ុណ្ណោះ។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមកដល់ចុងសតវត្សរ៍ទី២០ ហើយនោះ ត្រូវបានលុបចោលរូបិយវត្ថុ ដូចកម្ពុជានោះទេ ហើយក៏មានប្រទេសណាមួយ នៅចុងសតវត្សរ៍ទី២០ ហើយនោះ បែរជាប្រទេសគ្មានទីក្រុង គ្មានផ្សារ គ្មានសាលារៀន គ្មានអ្វីៗទាំងអស់» ។

សម្តេចតេជោបន្ថែមថា ជាការលំបាកណាស់ នៅពេលដែលកម្ពុជា មានក្រដាសប្រាក់ ហើយគ្មានរោងពុម្ភដើម្បីបោះ ពេលនោះគឺត្រូវយកទៅបោះ នៅសហភាពសូវៀត ប៉ុន្តែរហូតដល់ទសវត្សរ៍ឆ្នាំ៩០ ទើបមានម៉ាស៊ីតូចមួយ សម្រាប់បោះពុម្ពក្រដាស់ប្រាក់ ។

ទន្ទឹមគ្នានោះដែរ ដើម្បីឲ្យធនាគារជាតិនៃកម្ពុជា សម្រេចបាននូវសមិទ្ធផល សំខាន់ៗបន្ថែមទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសសន៍ សំខាន់ៗមួយចំនួនដូចខាងក្រោម៖
ទី១៖ ធនាគារជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា បន្តរក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀល ឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងអធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាព គោលនយោបាយរូបិយវត្ថុ, សារពើពន្ធ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ សម្ដេចស្នើឱ្យបង្កើត គោលនយោបាយថ្នាក់ជាតិ រយៈពេលវែងមួយ សំដៅលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល ប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ។

ទី២៖ ធនាគារជាតិនៃកម្ពុជា, ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និង អនុវត្តផែនការ អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និង យុទ្ធសាស្ត្រស្តីពីបរិយាប័ន្ននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និង សង្គតិភាព សំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ, បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឱ្យ កាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។

ទី៣៖ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នញក់ព័ន្ធ ត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវា ហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពទំនើប ងាយស្រួល ទទួលបានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់។ ត្រូវធ្វើការត្រួតពិនិត្យ អំពីហានិភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និង ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ទី៤៖ ធនាគារជាតិនៃកម្ពុជា, ស្ថាប័នពាក់ព័ន្ធ និង គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹង ផ្នែកហិរញ្ញវត្ថុដល់ប្រជាជន, ត្រូវបន្តចូលរួមបង្កើនការយល់ដឹង និង ពង្រឹងវប្បធម៌ឥណទាន ដល់អ្នកដែលកំពុងប្រើប្រាស់ សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានា ដែលឤចកើតឡើងជាយថាហេតុ នាបច្ចុប្បន្ន និងអនាគត។

ទី៥៖ ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធទាំងអស់, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នូវការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដើម្បីការញរ វិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និង អភិបាលកិច្ចល្អ ៕ ដោយ៖ ខា ដា

Facebook Comments

To Top