នយោបាយ

មនុស្សជាង៤០នាក់ ត្រូវបានចោទប្រកាន់ និងចាប់ខ្លួន ករណីគាំទ្រអំពើក្បត់ជាតិ លោកសម រង្ស៊ី

ភ្នំពេញ ៖ បើតាមការប៉ាន់ប្រមាណ របស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក្នុងប្រតិបត្តិការចោទប្រកាន់ និងចាប់ខ្លួនអ្នកគាំទ្រ សកម្មភាពក្បត់ជាតិលោក សម រង្ស៊ីជាង២សប្តាហ៍មកនេះ ពោលចាប់ពីថ្ងៃ២៦កញ្ញា រហូតមកដល់ថ្ងៃ១០ តុលានេះ មានជាង៤០នាក់ហើយ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាច្រើនលើក ច្រើនសាមកហើយ ឲ្យតែអ្នកណាម្នាក់ ដែលជាអតីតសកម្មជនបក្សប្រឆាំង ដែលរៀបចំផែនការក្បត់ជាតិ ជាមួយលោក សម រង្ស៊ី ត្រូវតែចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនអាចលើកលែងឲ្យបានឡើយ ។

លោក ជិន ម៉ាលីន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃទី១០ តុលានេះថា មិនទាន់បានទទួលរបាយការណ៍នានា ពីគ្រប់បណ្តាតុលាការ ក្នុងរាជធានី-ខេត្តនៅឡើយទេ ប៉ុន្តែបើតាមការប៉ាន់ស្មាន ការចោទប្រកាន់មានជាង៣០នាក់ និងការចាប់ខ្លួន ក្នុងរយៈពេលចុងក្រោយ មានប្រមាណ១០នាក់ទៀត។

លោកបញ្ជាក់ថា “យើងនឹងបូកសរុប នៅពេលទទួលបានរបាយការណ៍ ពីគ្រប់តុលាការ ។ មានអ្នកខ្លះចោទប្រកាន់ និងអ្នកខ្លះចាប់ខ្លួន” ។

ចំពោះការចេញមក សារភាពទោសកំហុសអំពើក្បត់ជាតិវិញ លោកស្រី សេង សុខន អតីតចៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ ដែលត្រូវតុលាការបានចេញដីកា បង្គាប់នាំខ្លួនពីបទរួមគំនិតក្បត់ បានចូលសារភាព នៅរសៀលថ្ងៃទី៩ តុលា នៅចំពោះមុខសមត្ថកិច្ច នាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបានបកអាក្រាតអំពីអំពើក្បត់ជាតិ របស់មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ផងដែរ ៕

Facebook Comments

To Top