ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចាត់តាំងមន្ត្រីទៅប្រចាំការ នៅតាមបង្គន់ ក្នុងឱកាសបុណ្យអុំទូក

ភ្នំពេញ៖ ប្រធានស្ដីទី នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានចាត់តាំងឲ្យមន្ត្រីរាជការ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ទៅប្រចាំការ នៅតាមបង្គន់អនាម័យសាធារណៈ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ១២ ១៣ ខែតុលា ឆ្នាំ២០១៩ ។

ការរៀបចំបុណ្យអុំទូក ខេត្តបាត់ដំបងនេះ គឺដើម្បីជ្រើសរើសទូកឆ្នើម ដែលជាប់ចំណាត់ថ្នាក់ ត្រៀមឡើងមកប្រកួតអុំនៅរាជធានីភ្នំពេញ ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ វិច្ឆិកា ។

យោងតាមលិខិតចាត់តាំង របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី៨ តុលា បានឲ្យដឹងថា ការចាត់តាំងនេះដែរ ត្រូវបានបែងចែកជាបីក្រុម៖

+ក្រុមទី១ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ការិយាល័យគ្រប់គ្រង ឧស្សាហកម្មទេសចរណ៍
+ក្រុមទី២ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ការិយាល័យព័ត៌មានទេសចរណ៍ និងផ្សព្វផ្សាយទេសចរណ៍
+ក្រុមទី៣ ថ្ងៃទី១៣ ខែគូលា ឆ្នាំ២០១៩ ការិយាល័យអប់រំបណ្តុះបណ្តាល និងការិយាល័យគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍

លោកប្រធានស្ដីទី គូសបញ្ជាក់ថា លោកស្រី អ្នកនាងកញ្ញា ដែលជាមន្ត្រីការិយាល័យខាងលើ ត្រូវយកអស់ស្មារតីអនុវត្តចំណាត់តាំងនេះ ឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

សូមរំលឹកថា ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិជាង១ពាន់នាក់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំនេះទោះបីទឹកនៅកម្ពស់ត្រឹម ១ម៉ែត្រ ក៏ត្រូវរៀបចំពិធីបុណ្យអុំទូកដែរ ៕

ដោយ៖ ខា ដា

Facebook Comments

To Top