ព័ត៌មានជាតិ

ពលរដ្ឋខ្មែរ៥នាក់ ចាញ់បោកមេខ្យល់ នាំឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកខ្មែរវិញ

ភ្នំពេញ៖ លោក ណុប រដ្ឋា កុងស៊ុល និងលោក យន់ យ៉េន ជំនួយការអគ្គកុងស៊ុល បានចុះជួបមន្រ្តី នគរបាលអន្តោប្រវេសន៍ថៃ ប្រចាំខេត្តសាកែវ ដើម្បីសម្របសម្រួល និង ធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្មែរចំនួន ៥នាក់ វិលត្រលប់ទៅកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី ០៩ តុលា ២០១៩។

ពលរដ្ឋខ្មែរទាំង ៥ នាក់ខាងលើ ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីមកធ្វើការនៅក្នុង ខេត្តក្បែរទីក្រុងបាងកក ។ ប៉ុន្តែត្រូវសមត្ថកិច្ចថៃ ឃាត់ខ្លួនពេលពួកគាត់បានធ្វើដំណើរ មកដល់ភូមិសាស្ត្រ ស្រុកវ៉ាត់ថាណាណាក់ខន ខេត្តសាកែវ រួចអនុវត្តតាមនីតិវិធី ។

មន្ត្រីស្ថានអគ្គកុងស៊ុលបានអប់រំ និងណែនាំដល់បងប្អូនខ្មែរទាំង ៥ នាក់ខាងលើ ថា បើមានបំណងមកធ្វើការនៅប្រទេសថៃ មេត្តាកុំជឿមេខ្យល់ ឬជនណានាំឆ្លងដែនដោយខុសច្បាប់ និងគួរស្វែងរកក្រុមហ៊ុនស្របច្បាប់ ដើម្បីរៀបចំជូនបងប្អូនបានមកធ្វើការដោយស្របច្បាប់នៅប្រទេសថៃ។ ការធ្វើការគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប្រឈមនឹងការចាប់ខ្លួន ពុំទទួលបានការថែទាំសុខភាព និងពុំទទួលបានសំណងក្នុងករណីជួបគ្រោះថ្នាក់ការងារ ៕

Facebook Comments

To Top