ព័ត៌មានជាតិ

ឆេះទូកនេសាទ ១គ្រឿង នៅសមុទ្រ បង្កឲ្យខូតខាតសម្ភារៈស្ទើរទាំងស្រុង តែមិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស

ព្រះសីហនុ៖ ទូកនេសាទ១គ្រឿង ប្រវែង១២ម៉ែត្រ ត្រូវបានចាប់ឆេះនៅលើផ្ទៃសមុទ្រ ស្ថិតនៅចំណុចមុខផែធំ ចន្លោះកោះពស់ ក្បែរកោះត្រងោល ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ដែលបណ្តាលឲ្យរងការខូចខាត សំភារៈលើទូកស្ទើទាំងស្រុង តែមិនបានបង្កគ្រោះថ្នាក់ ដល់អាយុជីវិតអ្នកនេសាទ ក្រោយមានកិច្ចអន្តរាគមន៍ ជួយសង្គ្រោះទាន់ពេលវេលា ពីសំណាក់ក្រុមអូប័រល្បឿនលឿន របស់ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC ។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ នាវេលាម៉ោងប្រមាណ ១៣និង៣០នាទីរសៀល ដោយបានឆេះលើទូកនេសាទ១គ្រឿង ពណ៌ខៀវ ប្រវែងទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ មានម៉ាស៊ីនចំនួន២គ្រឿង ម៉ាកអ៊ីស្គី និងម៉ាកហុងដា និងមនុស្ស៣នាក់ នៅលើទូកនេសាទនេះ ។

ជនរងគ្រោះដែលស្ថិតនៅលើទូកនេសាទ ដែលឆេះនេះមានឈ្មោះ ទី១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក, ទី២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ (កូនដៃ) និងទី៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនេសាទ (កូនដៃ) ។

លោកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា “ក្រោយបានទទួលដំណឹង ករណីផ្ទុះឆេះទូកនេសាទភ្លាម កម្លាំងរបស់លោក បានសហការជាមួយសមត្ថកិច្ច ចុះជួយអន្តរគមន៍ ទាន់ពេលវេលា ដែលមិនបានខកដំណើរ បណ្តាលឲ្យមានជនរងគ្រោះណាម្នាក់ គ្រោះថ្នាក់ដល់អាយុជីវិតឡើយ ថែមទាំងជួយចេញថ្លៃព្យាបាល ទាំងស្រុងផងដែរ” ។

ដោយឡែកតាមចម្លើយ របស់ម្ចាស់ទូក មូលហេតុដែលបណ្តាលអោយឆេះ ទូកនេសាទខាងលើនេះ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសដាំបាយ ។ ហើយសម្ភារៈនេសាទ នៅលើទូកខូចខាតទាំងស្រុង តែមិនបណ្តាលអោយរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ដោយសារ តែនៅពេលកើតហេតុ មានទូកនេសាទ នៅក្បែរនោះ និងអូប័រ លោកឧកញ៉ា ទៀ វិចិត្រ ចំនួន២គ្រឿង ចុះជួយអន្តរាគមន៍ ទាន់ពេលវេលា៕

Facebook Comments

To Top