ព័ត៌មានជាតិ

ប្រទះឃើញ បដិមាព្រះសិរ លោកេស្វរៈ នៅខាងកើត ប្រាសាទតានៃ ខេត្តសៀមរាប

ភ្នំពេញ ៖ អ្នកជំនាញអាជ្ញាធរជាតិ អប្សរាបានប្រទះឃើញ ព្រះបដិមាព្រះសិរលោកេស្វរៈមួយអង្គ ធ្វើពីថ្មភក់ ខណៈកំពុងធ្វើកំណាយ ជួសជុលខ្លោងទ្វារ ចូលខាងកើតប្រាសាទតានៃ ខេត្តសៀមរាប ដើម្បីរកថ្មដំបូលធ្លាក់ចុះកប់ក្នុងគំនរថ្ម និងដីដំបូកយកមកជួស ជុលប្រាសាទ។ នេះបើយោងតាមណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។

លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបានឲ្យដឹងថា បដិមាព្រះសិរលោកេស្វរៈ គឺមានត្រឹមតែព្រះសិរប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម ។

លោកបន្តថា សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងមូលហេតុអ្វីប្រាកដ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឲ្យបែក និងគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឲ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។

លោកឲ្យដឹងទៀតថា ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយ បញ្ជាក់ថា មានដងខ្លួននៅកន្លែងនេះដូចគ្នា។

ចំណែកលោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បានឲ្យដឹងដែរថា ព្រះសិរនេះធ្វើពីថ្មភក់ មានកម្ពស់៥៤សង់ទីម៉ែត្រ ទទឹង២៧សង់ទីម៉ែត្រ និងកម្រាស់៣៦សង់ទីម៉ែត្រ ៕ ដោយ៖ធី លីថូ

Facebook Comments

To Top