អន្តរជាតិ

បាតុករនៅកូរ៉េខាងត្បូង ស្រែកទាមទារ ឱ្យបណ្តេញរដ្ឋមន្រ្តីយុត្តិធម៌ចេញ និងឱ្យប្រធានាធិបតី លាលែងចេញពីតំណែង

បរទេស៖ ប្រជាជនកូរ៉េខាងត្បូង បាននាំគ្នាប្រឆាំងនឹងរឿងអាស្រូវ របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក Cho Kuk បានប្រមូលផ្តុំគ្នាយ៉ាងច្រើនមួយ នៅកណ្តាលទីក្រុងសេអ៊ូល នៅថ្ងៃពុធ ដើម្បីអំពាវនាវ ឱ្យបណ្តេញលោក Cho Kuk និងការលាលែងពីតំណែង របស់ប្រធានាធិបតី Moon Jae-in ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ បានឱ្យដឹងថា អ្នកចូលរួមភាគច្រើនកាន់ទង់ជាតិកូរ៉េ និងខ្លះកាន់ទង់ជាតិអាមេរិកផងដែរ បានប្រមូលផ្តុំគ្នានៅមហាវិថីដែលមាន ១០ ផ្លូវ ដែលចេញពីខ្លោងទ្វារ Gwanghwamun រហូតដល់ច្រកទ្វារ Sungnyemun ឬ Namdaemun ក្បែរច្រកស្ថានីយ៍សេអ៊ូល។

នេះជាការជួបជុំមហាជនលើកទី ២ ហើយ ដែលក្រុមអ្នកអភិរក្សនិយមបានធ្វើ ដើម្បីទាមទារឱ្យបណ្តេញលោក Cho ចេញពីតំណែង។ លើកដំបូងត្រូវបានធ្វើឡើង នៅថ្ងៃឈប់សម្រាកទិវាជាតិ កាលពីសប្តាហ៍មុន។

បណ្តាមេដឹកនាំគណបក្សសេរីកូរ៉េ ដែលជាគណបក្សប្រឆាំង ដូចជាប្រធាន Hwang Kyo-ahn និងមេដឹកនាំសភា គឺលោក Na Kyung-won ក៏បានចូលរួមក្នុងបាតុកម្ម នៅថ្ងៃពុធនេះដែរ។ ក្រុមអភិរក្សនិយមដែលហៅខ្លួនវាថា ជាសម្ព័ន្ធរិះគន់ជាតិ សម្រាប់ការលាលែងពីតំណែង របស់លោក Moon Jae-in ។

សម្ព័ន្ធភាពនេះទទូចថា លោក Cho មិនសមធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលឃ្លាំមើលការកាត់ទោសនោះទេ ព្រោះក្រុមគ្រួសាររបស់គាត់ បានស្ថិតនៅក្រោមការស៊ើបអង្កេត ដោយព្រះរាជអាជ្ញា អំពីការចោទប្រកាន់ អំពើពុករលួយផ្សេងៗ៕ ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top