នយោបាយ

សម្តេចតេជោ ៖ កម្ពុជាលើកទឹកចិត្ត និងគាំទ្រ ដល់ការសិក្សា របស់យុវជន នៅក្រៅប្រទេស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជា ជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាសយ៉ាងច្រើន ដល់យុវជនក្នុងការសិក្សា រៀនសូត្រទាំងនៅក្នុង និងក្រៅប្រទេស ដែលមានសិស្សានុសិស្ស និងនិស្សិតជាច្រើន បានចេញទៅបន្តការសិក្សា នៅឯបរទេសលើមុខជំនាញ ជាច្រើន រួមទាំងវិស័យកងទ័ពផងដែរ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចតេជោចេញផ្សាយនាថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ថា វិស័យកងទ័ព គឺជាវិស័យដ៏មានសារៈសំខាន់បំផុត ក្នុងការថែរក្សាការពារសន្តិភាព និងបូរណាភាពទឹកដី ដែលតម្រូវឲ្យមានការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព ទាំងនៅក្នុងនិងក្រៅប្រទេស ដែលអាចមានលទ្ធភាពធ្វើទៅបាន ។

សម្តេចថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយ ទទួលបានសិក្សានៅក្រៅប្រទេស ដើម្បីស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមកជួយអភិវឌ្ឍន៌ប្រទេសជាតិ ។ មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែបណា ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធ តែត្រូវបានរាជរដ្ឋាភិបាលផ្តល់ឱកាស ជម្រុញ និងលើកទឹកចិត្តអោយបានរៀនសូត្រនៅសាលាល្អៗដែលមានកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាព។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ជាក់ស្តែងដូចយុវជនប៉ុន្មានរូបនេះ គឺបានតស៊ូ និងអំណត់អត់ធន់រៀនសូត្រនៅបរទេសរហូតបញ្ចប់ការសិក្សាហើយបានវិលមកកាន់មាតុប្រទេសវិញ។ ទន្ទឹមនឹងនោះ ក៏មានយុវជន យុវតីខ្មែរជាច្រើនរូបទៀត កំពុងសិក្សាយ៉ាងច្រើននៅបរទេសដើម្បីស្រូបយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេសជាតិ។

រាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់យុវជនពីគ្រប់ស្រទាប់វណ្ណៈឲ្យទទួលបានការសិក្សាជ្រៅជ្រះ ទាំងក្នុងវិស័យកងទ័ព និងនៅក្នុងវិស័យដទៃៗទៀត៕

Facebook Comments

To Top