នយោបាយ

ព្រឹកស្អែក! អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីសក្តានុពលវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី “សក្តានុពលនៃការវិនិយោគ នៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនាវេលាម៉ោង ៩ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅជាន់ផ្ទាល់ដី សាលប្រជុំ ទីស្តីការគណៈរដ្ឋមន្ត្រី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា សន្និសីទនេះ គឺមានទិសដៅ និងគោលបំណងដើម្បីបង្ហាញ ដល់សាធារណជនជាតិ និងអន្តរជាតិ អំពីការរីក លូតលាស់ ការវិនិយោគនៅប្រទេសកម្ពុជា ក៏ដូចជាការទាក់ទាញវិនិយោគបន្ថែមទៀត ដោយសារតែកម្ពុជាមានសក្តានុពលខ្ពស់ សម្រាប់ការវិនិយោគលើគ្រប់វិស័យ។

ចំណុចសំខាន់ៗ ដែលត្រូវលើកឡើងរួមមាន៖ ,ទិដ្ឋភាពនៃការវិនិយោគនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆមាសទី២ ឆ្នាំ២០១៩ ,ទំហំទឹកប្រាក់នៃការវិនិយោគ នៃបណ្តាប្រទេសនានានៅកម្ពុជា គិតចាប់ឆ្នាំ២០១៦មក ,ទំហំនៃការវិនិយោគរបស់វិនិយោគិនចិន នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ,សក្តានុពលរបស់កម្ពុជា សម្រាប់វិនិយោគិនជាតិ អន្តរជាតិ ។

វាគ្មិនដែលនឹងអញ្ជើញចូលរួមមានដូចជា៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top