ព័ត៌មានជាតិ

Breaking news ៖ នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោក វ៉ា គីមហុង ទៅឆ្លើយបំភ្លឺបញ្ហាព្រំដែននៅថ្ងៃ១០ តុលា

ភ្នំពេញ ៖ ក្រោយមានកាស្នើសុំពី សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោក វ៉ា គីមហុងទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ចូលបំភ្លឺអំពីកិច្ចការងារព្រំដែន ជាមួយប្រទេសវៀតណាម និងប្រទេសក្បែរខាងផ្សេងទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា “អនុលោមគោរពតាមការយល់ព្រម ពីសម្តេចតេជោ អនុញ្ញាតឲ្យឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គីមហុង ដឹកនាំប្រតិភូនៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន អញ្ជើញមកធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំផ្តល់បទបង្ហាញពិគ្រោះស្វែងយល់ ក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃ១០ តុលា”។

កិច្ចប្រជុំដឹកនាំដោយប្រធានប្តូរវេន លោក កែម រិទ្ធិសិត ។ កិច្ចប្រជុំមានសារៈសំខាន់សម្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ទទួលបាននូវមូលដ្ឋានជំនួយសា្មរតី ក្នុងកិច្ចការពន្យល់បកស្រាយដល់ប្រជាពលរដ្ឋខ្មែរទូទៅ និងគ្រប់និន្នាការលើបរិបទនៃការខិតខំប្រឹងប្រែងពុះពាររបស់រាជរដ្ឋាភិបាល។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មកពីគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានដាក់លិខិតមួយច្បាប់ផ្ញើទៅកាន់សម្តេចតេជោ នៅព្រឹកថ្ងៃ៨ តុលា ដើម្បីអនុញ្ញាតឲ្យលោក វ៉ា គីមហុង ចូលបំភ្លឺអំពីកិច្ចការងារព្រំដែនជាមួយវៀតណាម ៕

Facebook Comments

To Top