កីឡា

ពានសម្ដេចតេជោ ហ៊ុន សែន នឹងប្រកួត ផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន RSN

ភ្នំពេញ៖គណៈកម្មការប្រកួតបាល់ទាត់ ជាតិកម្ពុជា(CNCC) បានកំណត់កាលបរិច្ឆេទរៀបចំ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ថ្នាក់ជាតិ លើកទី១៣ រួចហើយ ដោយគ្រោងនឹងធ្វើនៅថ្ងៃទី០៦-វិច្ឆិកា តែទីលានប្រកួតត្រូវបានប្ដូរពីពហុកីឡដ្ឋានជាតិ ទៅធ្វើនៅកីឡដ្ឋាន Smart RSN របស់ក្លឹបភ្នំពេញក្រោនវិញ ។

ជាមួយការផ្លាស់ប្ដូរទីលានប្រកួតនេះដែរ ប្រភពខាងលើបានបញ្ជាក់ថា ដោយសារនៅចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកាខាងមុខ ពហុកីឡដ្ឋានជាតិ ជាប់ភារកិច្ចរៀបចំការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship 2020 ពូល G ដោយកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ហេតុនេះទើប CNCC សម្រេចលើកទៅប្រកួតនៅកីឡដ្ឋាន Smart RSN ។

ចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ គឺជាការជួបគ្នា រវាងក្រុមព្រះខ័នរាជស្វាយរៀង ប៉ះក្រុមបឹងកេត ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦ល្ងាច ។ មុនឡើងដល់វគ្គនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានទម្លាក់ក្រុមភ្នំពេញក្រោន ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ០-០ ខណៈបឹងកេត បានយកឈ្នះក្រុមវិសាខា ៤-០ ។ ប៉ុន្ដែការប្រកួតដណ្ដើមលេខ៣ មិនមានការប្រកួតនោះទេ ក្រោយមានការស្នើសុំពីភាគីក្លឹបទាំងពីរ ៕

Facebook Comments

To Top