ព័ត៌មានជាតិ

ប្រទះឃើញសពយុវតីម្នាក់ ស្លាប់ក្នុងស្រះទឹកទាំងអាក្រាតកាយ សង្ស័យជាករណីរំលោភសម្លាប់

ភ្នំពេញ៖ ករណីប្រទះឃើញសពយុវតីម្នាក់ ស្លាប់ក្នុងស្រះទឹក កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្នុងមន្ទីរពេទ្យ បង្អែកសម្តេចឪ ស្ថិតក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ទាំងរាង្គកាយអាក្រាត សមត្ថកិច្ចសង្ស័យជាករណី ឃាតកម្មរំលោភសម្លាប់ ។

បន្ទាប់ពីមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានមកដល់ទីតាំងកើតហេតុ ត្រួតពិនិត្យទាំងយប់ និងធ្វើការទាក់ទងទៅសាច់ញាតិ ជនរងគ្រោះ ។ ម្តាយជនរងគ្រោះបានឃើញ សភាពកូនស្រីបែបនេះ ពិតជាមានអារម្មណ៍ស្លុតចិត្ត ស្រែកទ្រហោយំ ស្ទើគាំងបេះដូង ។

តាមការរៀបរាបពីម្តាយជនរងគ្រោះ បានឲ្យដឹងថា កូនស្រីគាត់ បានរត់ចេញពីផ្ទះ រយ:ពេល២ខែមកហើយ មករស់នៅ ជាមួយសង្សារ ។ គាត់បានទទួលដំណឹង ពីខាងបងប្អូន នៅឯខេត្តព្រៃវែងថា កូនស្រីគាត់ បាន ស្លាប់ទាំងអាក្រាតកាយ ហើយសព ត្រូវបានដឹកតាមរថយន្តកូរ៉េដឹកត្រី មកដល់មន្ទីរពេទ្យបង្អែកសម្តេចឪ ។

ជនរងគ្រោះមានឈ្មោះ ពេជ្រ លីហេង ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ម្តាយឈ្មោះ សួន ផល្លី ភេទស្រី អាយុ៥៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៤៣ ផ្លូវលំភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ ។ ចំណែកសង្សារ ជនរងគ្រោះឈ្មោះ អាពេជ្រ អាយុ២២ឆ្នាំ ស្នាក់នៅកន្លែង និងធ្វើការក្នុងទីតាំងចិញ្ចឹមត្រី ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានគេចខ្លួនបាត់។

ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រកបុរសជាសង្សារ ដើម្បីបំភ្លឺករណីនេះ ៕

Facebook Comments

To Top