កីឡា

World Cup៖ កម្ពុជា ប៉ះអ៊ីរ៉ង់ស្អែកនេះ ផ្សាយបន្ដផ្ទាល់ ដោយ CTN

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិ អ៊ីរ៉ង់ស្អែកនេះ ក្នុងប្រកួតទី៣ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2020 ជុំទី២-ប្រចាំទ្វីបអាស៊ី ពូលC នៅកីឡដ្ឋាន Azadi ប្រទេសអ៊ីរ៉ង់ នាវេលាម៉ោង ៨៖៣០នាទីយប់(ម៉ោងនៅកម្ពុជា) ។

ជាមួយការប្រកួតដ៏គួរឲ្យ ចាប់អារម្មណ៍នេះ ក្រុមហ៊ុន CBS តាមរយៈទូរទស្សន៍ CTN និងផេក Facebook CTN បានទទួលសិទ្ធផ្សាយបន្ដផ្ទាល់ សម្រាប់បងប្អូនអ្នកគាំទ្រកម្ពុជា ចូលរួមទស្សនា និងលើកទឹកចិត្តដល់ ក្រុមគោព្រៃកម្ពុជាពីចម្ងាយផងដែរ ។ នេះបើតាមការជូនដំណឹងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីម្សិលមិញ ។

គួរដឹងថា នេះគឺជាការប្រកួតដ៏សំខាន់របស់ ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda ក្នុងការត្រៀមជួបតតាំង ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលជាក្រុមខ្លាំងលំដាប់លេខ១ អាស៊ី ។ បច្ចុប្បន្នកម្ពុជា ឈរលេខរៀងទី១៦៩ ខណៈអ៊ីរ៉ង់ ឈរលេខរៀងទី២៣ នៃតារាងចំណាត់ថ្នាក់ពិភពលោក ដូច្នេះក្រុមទាំងពីរមានគម្លាតឆ្ងាយគ្នាណាស់ ។

ជាបណ្ដោះអាសន្នពេលនេះ ក្រុមគោព្រៃកម្ពុជា កំពុងឈរលេខ៤ និងមាន ១ពិន្ទុក្នុងដៃប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ២ប្រកួតស្មើហុងកុង ១-១ និងចាញ់បារ៉ែន ១-០ ដែលសុទ្ធតែជាការប្រកួតក្នុងដីកាលពីពេលថ្មីៗ ។ ឯក្រុមជម្រើសជាតិអ៊ីរ៉ង់វិញ ពួកគេបានឈរលេខ២ និងមាន ៣ពិន្ទុ តែពួកគេទើបឆ្លងកាត់ ១ប្រកួតប៉ុណ្ណោះ ដោយបានយកឈ្នះក្រុមជម្រើសជាតិហុងកុង ២-០ ៕

 

 

 

 

 

Facebook Comments

To Top