នយោបាយ

អ្នកវិភាគ គឹម សុខ ៖ បើ សម រង្ស៊ី ចូលស្រុកប្រាកដមែន នឹងជាប់អន្ទាក់សម្ដេចតេជោ

ភ្នំពេញ ៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យសមត្ថកិច្ចត្រៀមខ្នោះចាប់ខ្លួន លោក សម រង្ស៊ី គ្រប់កន្លែង លោក គឹម សុខ អ្នកវិភាគនយោបាយ បានថ្លែងថា បើសិនលោក សម រង្ស៊ី វិលចូលស្រុកខ្មែរវិញនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខពិតប្រាកដមែន នឹងជាប់អន្ទាក់របស់សម្ដេច ។

លោក សម រង្ស៊ី តែងតែសន្យាជារឿយៗ នៅចំពោះអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចជាផ្ញើសារមកអ្នកគាំទ្រនៅកម្ពុជាថា ខ្លួននឹងចូលស្រុកខ្មែរវិញ នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីទៅចាប់សម្ដេចតេជោ នឹងកសាងប្រទេសឡើងវិញ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់លោក គឹម សុខ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ បានសរសេរថា បើថ្ងៃទី៩ វិច្ឆិកា គ្រាន់តែជាយុទ្ធសាស្ត្រ ដំណើរទេសចរណ៍នយោបាយ របស់លោក សម រង្ស៊ី នៅក្នុងប្រទេសអាស៊ី តាមផែនការ ៥ វិច្ឆិកា អើតៗមើលកម្ពុជាពីចំងាយនោះ កម្ដៅនយោបាយបច្ចុប្បន្ន អាចរាប់ថា សម្ដេចតេជោ ចូលអន្ទាក់លោក សម រង្ស៊ី ហើយ។

លោកបន្ដថា ព្រោះលោក សម រង្ស៊ី បានសម្រេចបំណងរបស់គាត់ ក្នុងការរុញឲ្យសម្ដេចតេជោ លោតកញ្ឆែង ប្រើកងទ័ពលែងដឹងខុសត្រូវ រអិលធ្លាក់ក្នុងស្ថានការណ៍នយោបាយជាតិ តឹងតែងបំផុត នៅមុនថ្ងៃ៩ វិច្ឆិកា ហើយរូបភាពនេះ ធ្វើឲ្យលោកសម រង្ស៊ី មានលេសសមល្មម នឹងមិនចូលស្រុកបានដោយ ចេញពន្យល់អ្នកគាំទ្រថា “បើខ្ញុំ (សម រង្ស៊ី) ពិតជាចូលស្រុកតាមកំណត់សន្យានោះ ហ៊ុន សែន ក្រពុលមុខធ្វើទុក្ខបុកម្នេញ លើអ្នកស្រឡាញ់គាំទ្រសម រង្ស៊ី កាន់តែខ្លាំងឡើង” ដូច្នេះ សូមផ្អាកដំណើរមាតុភូមិនិវត្តន៍សិន។

លោក គឹម សុខ បន្ថែមថា “បើ៩ វិច្ឆិកា ជាយុទ្ធសាស្ត្រមាតុភូមិនិវត្តន៍ពិតប្រាកដ របស់លោក សម រង្ស៊ី វិញ នោះលោក សម រង្ស៊ី ចូលអន្ទាក់សម្ដេចតេជោហើយ ព្រោះយុទ្ធវិធីរបស់ លោក សម រង្ស៊ី ធ្វើឲ្យសម្ដេចតេជោ បង្កើតជាលេសសមទំនង (ទោះមិនពិត) ដើម្បីបន្លាចពលរដ្ឋ និងជាពិសេសបង្ក្រាបបំបាក់ស្មារតីអ្នកគាំទ្រលោក សម រង្ស៊ី ក្នុងទ្រង់ទ្រាយធំជាមុន ជាឧបសគ្គកល់មុខធំណាស់ ដល់ដំណើរនិវត្តន៍នៃ លោក សម រង្ស៊ី ក្នុងឧបាយកិច្ចកលរបស់សម្ដេចតេជោ គ្រប់គ្រងស្ថានភាពគ្រាអាសន្នរបស់ជាតិ” ៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top