នយោបាយ

នាយករដ្ឋមន្រ្តី ហៅអ្នកវិភាគ មាស នី និងឡៅ ម៉ុងហៃ ថាអន់ និងមានកម្រិតទាបបំផុត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យបណ្ឌិតវិភាគស្ថានការណ៍នយោបាយក្នុងសង្គមកម្ពុជា គឺលោក មាស នី និងលោក ឡៅ ម៉ុងហៃ ឲ្យវិភាគត្រូវសភាពការណ៍ម្តង កុំចេះតែវិភាគមិនដឹងទិសតំបន់ ។ សម្តេចបានហៅលោកបណ្ឌិតទាំង២ ថាវិភាគអន់ និងមានកម្រិតទាប មិនស្មើនឹងអ្នកវិភាគក្រៅស្រុក លោក ជេម សុខផង។

ក្នុងឱកាសជំនួបសំណេះសំណាល ជាមួយសិស្សជាប់និទ្ទេសA នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ បានលើកឡើងថា អ្នកវិភាគដែលតាំងខ្លួន ជាបណ្ឌិតនៅស្រុកខ្មែរ មានច្រើនរូប។

ក្នុងនោះសម្តេច បានបញ្ចេញចំឈ្មោះ អ្នកវិភាគសង្គម និងនយោបាយ គឺលោក មាស នី ថាឲ្យវិភាគត្រូវម្តង ។ សម្តេចសង្ឃឹមថា លោក មាស នី នឹងវិភាគល្អជាងនេះ ។ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏ បានបញ្ចេញឈ្មោះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយផងដែរ។

នាយករដ្ឋមន្រ្តីបន្តថា សង្ឃឹមបណ្ឌិតអ្នកវិភាគទាំង២រូបនេះ នឹងវិភាគឲ្យបានល្អត្រឹមពាក់បណ្តាលលោក ជេម សុខ ដែលជាអ្នកវិភាគនៅក្រៅប្រទេស។

សម្តេចតេជោបញ្ជាក់ថា “វិភាគឲ្យត្រូវបានម្តងមើល លោក មាស នី ។ ថ្ងៃមុនមានបណ្ឌិតម្នាក់ដែលមិនបញ្ចេញឈ្មោះ នោះ គឺលោក មាស នី។ ឈ្មោះនេះ វិភាគអន់ណាស់ កម្រិតវិភាគទាបពេក ។ សង្ឃឹមវិភាគល្អជាងនេះ ។ សង្ឃឹមឲ្យបានពាក់ណ្តាលជេម សុខទៅចុះ។ រាប់ទាំងឡៅ ម៉ុងហៃអី បណ្ឌិតធន់ហ្នឹង ដឹងយកធ្វើផេះអីទេ។ ឲ្យបានតែ៣០ភាគរយរបស់ហង់ ជួនណារ៉ុន ។ចេះធ្វើបណ្ឌិតឡប់ៗមកពេញកាល ធ្វើឯងដូចចេះ។ ចាំតែភ័យជាមួយអាសែនតើ” ។

លោកបណ្ឌិតមាស នី និងលោកបណ្ឌិត ឡៅ ម៉ុងហៃ ភាគច្រើនត្រូវបានវិទ្យុអាសេរី និងវិអូអេ ធ្វើកិច្ចសំភាសន៍ទាក់ទងទៅនឹង ដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ដែលភាគច្រើន អ្នកវិភាគទាំង២រូប វាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា ៕

Facebook Comments

To Top