កីឡា

លោក​ លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានអញ្ជើញជាអធិបតី ប្រកាសបើកការប្រកួតជ្រើសរើស ជើងឯកកីឡាការ៉ាតេ ឆ្នាំ២០១៩

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធាន សហព័ន្ធកីឡា ការ៉ាតេកម្ពុជា តំណាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធានសហព័ន្ឋកីឡាការ៉ាតេកម្ពុជា ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបើកការប្រកួត ជ្រើសរើសជើងឯកកីឡាការ៉ាតេឆ្នាំ២០១៩ ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីលឹម គានហោ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការយ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដើម្បីរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណងសម្រិតសម្រាំងយកកីឡាករ កីឡាការិនី ដែលមានសក្តានុពល សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមការ៉ាតេ លើកទី៩ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសហ្វីលីពីន នាឆ្នាំ ២០២០ និងជាពិសេស គឺការត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់កីឡាស៊ីហ្គេមលើកទី ៣២ ដែលព្រះរាជាណាចក្រកម្ពុជារបស់យើង នឹងធ្វើជាម្ចាស់ផ្ទះនាឆ្នាំ ២០២៣ ។

លោករដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ចៅក្រម អាជ្ញាកណ្ដាល សូមប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទីរបស់ខ្លួន សំដៅធ្វើយ៉ាងណា ឲ្យការប្រកួតជ្រើសរើសជើងឯកនេះ ប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងជ្រើសរើសបាននូវកីឡាករ កីឡាការិនី ដែលមានសក្តានុពលពិតប្រាកដ ។
លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ក្មួយៗកីឡាករ កីឡាការិនី ទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា លក្ខន្តិកៈ នៃការប្រកួត នឹងត្រូវឆ្លៀតឱកាសនេះ ទាញយកបទពិសោធន៍ដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពខ្ពស់ឡើង និងត្រូវធ្វើការកែលម្អរនូវចំណុចខ្វះខាតមួយចំនួន ជាពិសេសលើមូលដ្ឋានបច្ចេកទេស។

នៅក្នុងឱកាសនោះ ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោករដ្ឋមន្ត្រីបានឧបត្ថម្ភជាថវិកា ដល់អាជ្ញាកណ្តាល និងចៅក្រមចំនួន ៦រូប កីឡាករចំនួន ៨៦រូប កីឡាការិនីចំនួន ៣៥រូប និងគណកម្មការរៀបចំការប្រកួតចំនួន ៥០រូប ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ដោយឡែកសម្រាប់សមាគមក្លឹបការ៉ាតេ ដែលបានចូលរួមចំនួន ២១ក្លឹប ដោយក្នុងមួយក្លឹបទទួលបានថវិកា ៥០ម៉ឺនរៀល។

សូមបញ្ជាក់ជូនថា នៅក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេឆ្នាំ២០១៩នេះ មានសមាគម ក្លឹបការ៉ាតេចូលរួមចំនួន ២១ នឹងមានកីឡាករចំនួន ៨៦រូប កីឡាការិនីចំនួន ៣៥រូប ដោយត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ៕

Facebook Comments

To Top