Uncategorized

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP)ថ្លែង អំណរគុណសម្តេចតេជោហ៊ុន សែនដែលផ្តល់អាហារូបករណ៍ ជូនសិស្សនិទ្ទេស A និង B

ភ្នំពេញ: លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ (AUPP) បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះនាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែបានគិតគូរ ដល់សិស្ស-និស្សិតក្រីក្រ កម្ពុជាឲ្យទទួលបានការអប់រំ ថ្នាក់ឧត្តមសិក្សា ។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ អាហារូបករណ៍ចំនួន ៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដល់សិស្សឆ្នើមដែលប្រឡង ជាប់បាក់ឌុបបាននិទ្ទេស A និង B ប៉ុន្តែខ្វះលទ្ធភាពផ្នែកហិរញ្ញវត្ថុ សម្រាប់បន្តការសិក្សា ។

លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn បានឲ្យដឹងថាអាហាររូបករណ៍ សម្តេចតេជោគឺជាការបើកច្រកឲ្យសិស្សឆ្នើមនិទ្ទេស A ឬ B ដែលខ្សត់ខ្សោយខាងផ្នែកហរិញ្ញវត្ថុ អាចទទួលបានការអប់រំ មួយដ៏ល្អបំផុតសម្រាប់អនាគត របស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ AUPP ចុះថ្ងៃទី ១៧ កញ្ញា ២០១៩ អាហារូបករណ៍ ៥ កន្លែងសម្រាប់រយៈ ពេល៤ឆ្នាំពេញនឹងផ្តល់ជូនលើ ជំនាញទំនាក់ទំនង អន្តរជាតិសម្រាប់ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដែលនឹងចាប់ផ្តើម នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។

AUPP ជាគ្រឹះស្ថានឧត្តម សិក្សាលំដាប់កំពូលមួយ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលផ្តល់នូវការអប់រំប្រកបដោយ គុណភាពខ្ពស់បំផុត ។ AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ ក្នុងនោះសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួល ស្គាល់ជាសាកល ។

លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn បានលើកទឹកចិត្តសិស្ស ដែលប្រឡងជាប់បាក់ឌុបនិន្ទេស A និង B ទាំងអស់ សាកសួរព័ត៌មាននៅការិយាល័យ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានទីតាំងនៅផ្ទះលេខ ៤ ផ្លូវ ៥២២ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងតាមរយៈ ទូរស័ព្ទលេខ ០១២ ៧៦៥ ៦៨៦ ឬ នៅ AUPP ដែលមានទីតាំងស្ថិត នៅអគារលេខ២៧៨H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានទូរស័ព្ទ ទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ ឫ ០១២ ២៦៦ ៦៣១ ៕

Facebook Comments

To Top