នយោបាយ

សម្ដេច តេជោ៖ ដល់វេនកូន ចេញវាយបង្រ្កាប ចោរក្បត់ជាតិនេះហេីយ

ភ្នំពេញ៖ក្រោយ ពី លោក ហ៊ុន ម៉ាណែត មេបញ្ជាការ កងទ័ព ជើង គោក និង ជា កូនប្រុស ច្បង របស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បបួល លោក សម រង្ស៊ី ភ្នាល់ រួច មក សម្តេចតេជោ បានលេីកឡេីងថា ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិនេះហើយ ព្រោះគេជាអ្នកចេញវាយកូនមុន។

សម្តេចតេជោ ហ៊ុន សែន បានសរសេរ លេីបណ្ដាញសង្គមហ្វេសប៊ុកថា”សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយ ការមួលបង្កាច់ របស់ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិ នេះហើយព្រោះគេ ជាអ្នកចេញវាយកូនមុន”។

សូមបញ្ជាក់ថា ការលេីកឡេីងរបស់សម្ដេចតេជោ បានធ្វេីឡេីងបន្ទាប់ពី លោក ហ៊ុន ម៉ាណែតបានសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដែលមាន ខ្លឹមសារ ទាំង ស្រុង ថា ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារ ទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺ ទៅលើកូនចៅ ដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់ ឲ្យជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំ មិនគួរធ្វើការ វាយប្រហារទៅលើក្រុមគ្រួសារ របស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។

ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួស្រារបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។

ជាក់ស្តែងថ្ងៃនេះ ខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែល បានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់ នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតំកើងប្រព័ន្ធអប់រំស្រុកបារាំង និងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។

អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេស ដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេស មិនបាច់ខំរៀនក៏បានចូលនិងបានជាប់ ដោយងាយដែរ។

ចំពោះលោក សម រង្សី ដែលគាត់បានតាំងខ្លួនជាអ្នកចេះដឹងខ្ពស់ និងមានសញ្ញាបត្រពីស្រុកបារាំងនោះ ខ្ញុំគិតថា ការដែលគាត់ហ៊ានលើកយកមកនិយាយជា សាធារណៈថា សញ្ញាបត្រ West Point របស់ខ្ញុំជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូតនោះ គឺគាត់ប្រាកដជាបានធ្វើការស្រាវជ្រាវច្បាស់លាស់ ហើយមានភស្តុតាងរឹងមាំ ដើម្បីការពារអំណះអំណាងរបស់គាត់ហើយ ហើយនឹងមិនខ្លាចនឹងការពារសម្តីរបស់គាត់នោះទេ។

ហេតុដូច្នេះក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ដែលបានរងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះ ប៉ុន្តែត្រូវការការពារកិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ (ក៏ដូចជារបស់និស្សិតបរទេសផ្សេងទៀត ដែលបានបញ្ចប់ការសិក្សានៅសាលា West Point ដែលរួមមានអតីតប្រធានាធិបតី ប្រទេសហ្វីលីពីន Fidel Ramos, អតីតប្រធានាធិបតី ប្រទេសនីការ៉ាហ្គ័ Anastasia Debayle, អតីតប្រធានាធិបតីប្រទេសកូស្តារីកា Jose Maria Figures …។ល។ និងដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយ របស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើរភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះទេ) ខ្ញុំសូមអញ្ជើញលោក សម រង្សី ភ្នាល់គ្នាបន្តិច ដើម្បីឲ្យខ្ញុំនិងលោក សម រង្ស៊ី មានឱកាសការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន តាមរយៈការការពារនូវពាក្យសម្តីឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក៖

១៖ បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោក សម រង្ស៊ី បានលើកនោះ ជាពិសេសគឺសញ្ញាបត្រ ប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយ ឬការទូតដែលសាលា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពតិជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិកមែននោះ៖ ខ្ញុំនឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំ ក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។

២៖ ប៉ុន្តែបើលោក សម រង្ស៊ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាប័ត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដ សម្រាប់ផ្ដល់ដល់និស្សិត យោធាអាមេរិក និងមួយប្រភេទទៀតដែលជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូតសម្រាប់ផ្តល់ដល់ និស្សិតនាយទាហានបរទេស ហើយការអប់រំបណ្ដុះបណ្ដាលនិស្សិតយោធាបរទេស និងនិស្សិតយោធាអាមេរិកមានស្តង់ដារខុសគ្នានៅ West Point នោះ៖ ខ្ញុំសូមឲ្យលោក សម រង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត។

ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំគិតថា លោក សម រង្ស៊ី ដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេ ដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈ ព្រោះលោក សម រង្ស៊ី ពិតជាចង់រក្សាតម្លៃរបស់គាត់ ដើម្បីជាគំរូដល់អ្នកអ្នកគាំទ្រគាត់ ជាពិសេសយុវជនជំនាន់ក្រោយ។

ប៉ុន្តែបើសិនជាលោក សម រង្ស៊ី មិនហ៊ានភ្នាល់ ឬមិនអាចបង្ហាញនូវភស្តុតាង ដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថា គាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុ ចំណេះដឹងខ្ពស់តែនៅលើក្រដាសសញ្ញាបត្រ និងគ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ។

ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ និងហ៊ានទទួលខុសត្រូជាមួយនឹងសម្តីរបស់ខ្ញុំដែលបាននិយាយខាងលើ តើលោក សម រង្ស៊ី ហ៊ានទេ? តើគាត់ហ៊ានការពារនូវអ្វីបានគាត់បាននិយាយជាសាធារណៈនោះទេ?

ផ្ញើរជូនលោក សមរង្ស៊ី ពីសំណាក់ក្មេងជំនាន់ក្រោយម្នាក់…ហើយក្មេងម្នាក់នេះ កំពុងរង់ចាំការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកចាស់ទុំម្នាក់នោះ៕

Facebook Comments

To Top