នយោបាយ

ដីកាចាប់ខ្លួន សម រង្ស៊ី ត្រូវបានផ្ញើទៅកាន់ប្រទេស សមាជិកអាស៊ាន រួចរាល់ហើយ

ភ្នំពេញ៖ សាលដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ត្រូវបានផ្ញើទៅកាន់បណ្ដាប្រទេសជាសមាជិកអាស៊ាន រួចរាល់អស់ហើយ ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក កេត សោផាន់ ។

ក្នុងសន្និសីទរួមគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នឹងបញ្ជូនសាលដីការតុលាការទៅកាន់បណ្ដាប្រទេសទាំងអស់ ក្នុងក្របខណ្ឌអាស៊ាន ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី ដែលបានជាប់បណ្ដឹងជាច្រើននៅតុលាការ ប្រសិនបើទណ្ឌិតនេះ ប្រើប្រាស់ទឹកដីអាស៊ានណាមួយធ្វើជាឈ្នាន់ចូលមកកម្ពុជា ។

ការថ្លែងរបស់សម្តេចតេជោបែបនេះ ក្រោយពីមានអ្នកវិភាគម្នាក់ដែលបានតាំងខ្លួនជាបណ្ឌិតអះអាងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានទៅឡាវ ដើម្បីទៅពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវ ក្នុងការធានាស្វះស្វែងមិនឲ្យលោក សម រង្ស៊ី ប្រើប្រាស់ទឹកដីឡាវដើម្បីឆ្លងចូលកម្ពុជា ។ នេះគឺជាចំណុចមួយដែលឡាវចាប់កម្ពុជាធ្វើជាចំណាប់ខ្មាំងជាថ្នូរនឹងបញ្ហាព្រំដែន ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ កញ្ញានេះ លោក កេត សោផាន់ បានមានប្រសាសន៍ថា ការទទួលទោសរបស់លោក សម រង្ស៊ី នៅកម្ពុជាគឺច្រើនករណី ហើយរហូតដល់ការប្រមាថព្រះមហាក្សត្រនេះ គឺជាទោសព្រហ្មទណ្ឌធ្ងន់ធ្ងរជាទីបំផុត ។

លោកបន្តថា អ្វីដែលក្រសួងយុត្តិធម៌បានចេញសេចក្ដីថ្លែងការណ៍នោះគឺបង្ហាញអំពីជំហររបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តច្បាប់ និងសិទ្ធិអធិបតេយ្យរបស់រដ្ឋ ចំពោះទណ្ឌិត សម រង្ស៊ី ។

អ្នកនាំពាក្យបញ្ជាក់ថា «ក្រសួងការបរទេសបានបញ្ជូនហើយ បញ្ជូនកាលពីពេលថ្មីៗនេះ បញ្ជូនបន្តបន្ទាប់…ដូចសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ហើយ ប្រទេសកម្ពុជានឹងបញ្ជូនសាលដីកាហ្នឹងទៅ គ្រប់បណ្ដាប្រទេសសមាជិកអាស៊ាន ស្នើសុំកិច្ចសហប្រតិបត្តិការ ។ អីចឹងមានន័យថា ជាការអនុវត្តនូវយុត្ថាធិការ ដែនដីរបស់រដ្ឋអធិបតេយ្យ ។ ចឹងពេលហ្នឹងប្រទេសសមាជិកអាស៊ាន គាត់នឹងផ្ដល់កិច្ចសហការក្នុងការអនុវត្តសិទ្ធិអធិបតេយ្យ» ៕

ដោយ៖ ខា ដា

Facebook Comments

To Top