នយោបាយ

សម្តេច ហេង សំរិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាចូលរួមកិច្ចប្រជុំ កម្រិតប្រធានសភា អាស៊ី-អឺរ៉ុប នៅប្រទេសកាហ្សាក់ស្ថាន

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភា ចូលរួមកិច្ចប្រជុំ កម្រិតប្រធានសភា អាស៊ី-អឺរ៉ុប លើកទី៤ នៅសាធារណរដ្ឋកាហ្សាក់ស្ថាន។

កិច្ចប្រជុំកម្រិតប្រធានសភា អាស៊ី-អឺរ៉ុបលើកទី៤ ប្រារព្ធធ្វើក្រោមមូលបទ “ឧត្តមភាពកាន់តែខ្ពង់ខ្ពស់សម្រាប់ តំបន់យូរ៉ាស៊ា : កិច្ចសន្ទនា ទំនុកចិត្ត និងភាពជាដៃគូ” ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានប្រតិភូថ្នាក់ដឹកនាំសភាក្នុងតំបន់អាសុី និងអឺរ៉ុប ប្រមាណ៦០ប្រទេសចូលរួម ព្រមទំាងមានវត្តមាន អង្គការអន្តរជាតិ និងអន្តរសភាជាច្រើនទៀត។

កិច្ចប្រជុំកម្រិត ប្រធានសភា អាស៊ី-អឺរ៉ុប បានផ្តួចផ្តើមបង្កើតឡើងដោយ សភាឌូម៉ា សហព័ន្ធរុស្ស៊ី និងរដ្ឋសភា សាធារណរដ្ឋកូរ៉េ ហើយក៏ជាវេទិកាអន្តរសភា ដ៏មានសារៈសំខាន់មួយ សម្រាប់ការពិភាក្សា លើប្រធានបទ នៃកិច្ចសហប្រតិបត្តិការ រវាងតំណាងប្រជាពលរដ្ឋ ក្នុងតំបន់អាស៊ី និងអឺរ៉ុប ដើម្បីផ្លាស់ប្តូរទស្សនៈ យោបល់ ក្នុងការការពារ ផលប្រយោជន៍ នៃការអភិវឌ្ឍ ប្រកបដោយចីរភាព និងសុខុមាលភាពសង្គម នៅក្នុងតំបន់ក៏ដូចជា ពិភពលោកទំាងមូល។

កំឡុងពេលចូលរួម កិច្ចប្រជុំនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងជួបពិភាក្សាការងារ ទ្វេភាគីជាមួយប្រធានរដ្ឋសភា នៃប្រទេសមួយចំនួនទៀត ក្នុងការពង្រឹង ពង្រីក វិស័យការទូតសភា ក៏ដូចជាពង្រឹង កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត ទំាងក្នុងក្របខណ្ឌ ទ្វេភាគី និងពហុភាគី។

សូមជម្រាបថា កិច្ចប្រជុំកម្រិតប្រធានសភាអាស៊ី-អឺរ៉ុប លើកទី១ បានប្រារព្ធធ្វើឡើងនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៦ លើកទី២ ធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០១៧ និងលើកទី៣ ធ្វើឡើងនៅប្រទេសទួរគី ក្នុងឆ្នាំ២០១៨។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ធ្លាប់បានអញ្ជើញចូលរួមកិច្ចប្រជុំ លើកទី១ នៅប្រទសរុស្ស៊ី និងលើក ទី២ នៅសាធារណរដ្ឋកូរ៉េ ផងដែរ៕

Facebook Comments

To Top