ព័ត៌មានជាតិ

អ្នកធាក់ស៊ីក្លូ ជាង៣០០នាក់ ទទួលបានអំណោយ ពីអភិបាលរាជធានី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានផ្តល់អំណោយ ជូនបងប្អូនកម្មករធាក់ស៊ីក្លូ ជាង៣០០នាក់ ដើម្បីអោយបងប្អូន បានទៅវត្តធ្វើបុណ្យទាន តាមប្រពៃណីជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដែលការប្រគល់អំណោយនេះ ត្រូវបានធ្វើឡើង​​ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងសាលារាជធានី ក្រោមអធិបតីភាពលោក ឃួង ស្រេង និងមានការចូលរួម ពីមន្ត្រីក្រោមឱវាទមួយចំនួនទៀត។

លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ ដោយឡែកសម្រាប់បងប្អូនកម្មករ ធាក់ស៊ីក្លូ សម្តេចតេជោ ក៏បានសំរេចបង្កើតអោយមាន ជាសមាគមមូលនិធិត្រីចក្រយានកម្ពុជា ដែលជាផ្នែកមួយ ក្នុងការចូលរួមអនុវត្ត ប្រព័ន្ធគាំពារសង្គម និងគិតគូពីសុខទុក្ខ របស់បងប្អូន ក្នុងចំណោមអ្នកប្រកបរបរធាក់ស៊ីក្លូ ចំនួនជាង៣០០នាក់​ ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន ។

ជាក់ស្តែងសម្រាប់នៅរសៀលនេះ បងប្អូនធាក់ស៊ីក្លូ ចំនួន៣១៦នាក់ បានទទួលអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗ ទទួលបានអាវយឺត ៥អាវ មី៥កញ្ចប់ តែ៥កញ្ចប់ ទឹកដោះគោ ២កំប៉ុង ស្ករស ១គីឡូ ត្រីខ ២កំប៉ុង ទឹកក្រូច៤ កំប៉ុងស្រាក់បាយ ១ស្រាក់ សាប៊ូកន្លះគីឡូ ១កញ្ចប់ នំប៉ុង១ដើម ទឹកសុទ្ធបរិភោគ ១ដប និងថវិកាចំនួន១១ម៉ឺនរៀល ដើម្បីអោយបងប្អូន បានទៅវត្តធ្វើបុណ្យទានតាមប្រពៃណីជាតិ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ៕

Facebook Comments

To Top