ព័ត៌មានជាតិ

ការអប់រំច្បាប់ ចរាចរណ៍ផ្លូវគោក​ ជូនដល់អ្នកបើកបរ​ យានយន្តដឹកកម្មករ នៅតែជាកិច្ចការសំខាន់ សម្រាប់ ប.ស.ស

ភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការណ៍ ជាមួយស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងក្រុមហ៊ុន ជេត គ្រុប ធ្វើពីធីផ្សព្វផ្សាយអប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្ត ដឹកកម្មករ នៅក្នុងតំបន់ 7NG ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខណៈដែលការអប់រំនេះ ត្រូវបានចាត់ទុកជាកិច្ចការសំខាន់សម្រាប់ ប.ស.ស ។

កម្មវិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ហេង សុផាន់ណារិទ្ធិ ប្រធានការិយាល័យ គោលនយោបាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម, លោកឧត្តមសេនីយ៍ត្រី វេង សុវិន ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល, លោក ជឿន សុធន ជាតំណាង លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ក្រុមហ៊ុន ជេត គ្រុប, មន្រ្តីបេឡាជាតិ របបសន្តិសុខសង្គម សាខាខេត្ត ព្រមទាំងតំណាង អង្គភាពពាក់ព័ន្ធ និងអ្នកបើកបរយានយន្តដឹកកម្មករ ប្រមាណជា ២០០នាក់ ។

នាក្នុងឱកាសនោះដែរ លោក ហេង សុផាន់ណារិទ្ធិ បានលើកឡើងថា ស្របទៅនឹងការរីកចម្រើនសព្វថ្ងៃនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើង គួរឱ្យព្រួយបារម្ភ និងជាក្តីកង្វល់ របស់ប្រមុខរាជរដ្ឋាភិបាល។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខ ដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការ ដែលបានបន្សល់ទុក នូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។ បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យ ក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការ ទប់ស្កាត់ កាត់ បន្ថយ ឬលុបបំបាត់តែឯងបានឡើយ។ ប៉ុន្តែយើងអាចសហការគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យស្ថិតមក នៅក្នុងកម្រិតទាប។ ស្របពេលជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្ត និងជំរុញឱ្យគ្រប់ផ្នែក គ្រប់វិស័យ យកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះបញ្ហាសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ។

អាស្រ័យហេតុនេះហើយទើប ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិ របបសន្តិសុខសង្គម(ប.ស.ស.) ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី វេង សុវិន ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានពន្យល់អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើកមានឡើង ជារៀងរាល់ថ្ងៃបណ្តាលមកពី៖ កត្តាមនុស្ស , កត្តាយានយន្ត និងកត្តាផ្សេងៗ។ លោកឧត្តមសេនីយ៍ត្រី វេង សុវិន ក៏បានសំណូមពរ ទៅដល់អ្នកបើកបរយានយន្ត ដឹកកម្មករទាំងអស់ ត្រូវតែចាំថាខ្លួន គឺជាបុគ្គលដ៏សំខាន់ ក្នុងការធានានូវសុវត្ថិភាព ក្នុងពេលធ្វើដំណើរ របស់កម្មករនិយោជិតតាមរថយន្ត ដែលត្រូវមានទំនួលខុសត្រូវខ្ពស់ ក្នុងការបើកបរដោយគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ទាំង១០ចំណុច របស់គណៈកម្មការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខគ្រប់ពេលវេលា។

ជាចុងក្រោយក្រុមការងារ ស.ផ.ក បានបន្ថែមឲ្យដឹងថា ការផ្សព្វផ្សាយខាងលើនេះ មានសារៈសំខាន់ណាស់ សម្រាប់អ្នកបើកបរយានយន្តដឹកកម្មករ ត្រូវតែយល់ដឹងទាំងអស់គ្នា ហើយនាំគ្នាគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ឆ្លើយតបទៅនិងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្ត្រី (ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ )៕

Facebook Comments

To Top