ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី អំពាវនាវ៨ចំណុច​ ដើម្បីរួមចំណែក លើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា នឹងទិវាមនុស្សចាស់អន្តរជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ៨ចំណុច ដើម្បីចូលរួមចំណែក លើកកម្ពស់សុខុមាលភាព របស់មនុស្សវ័យចាស់ ។

តាមរយៈសារលិខិត ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ដែលទើបផ្សព្វផ្សាយផ្លូវការកាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានសម្តែងនូវអំណរសាទរ យ៉ាងស្មោះស្ម័គ្រជាមួយលោកតា លោកយាយ ព្រឹទ្ធាចារ្យ និងបងប្អូនជនរួមជាតិទាំងអស់ ព្រមទាំងប្រជាជាតិទូទាំងពិភពលោកក្នុងឱកាសនៃ ទិវាមនុស្សចាស់ឆ្នាំនេះ ក្រោមប្រធានបទ គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្ត ប្រព័ន្ធគាំពារសុខុមាលភាព មនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា ដែលជាទិវាមួយសម្រាប់រំលឹកគុណ ដល់មនុស្សវ័យចាស់កម្ពុជាក៏ដូចជា មនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវ របស់យើងក្នុងការចូលរួម កសាងសង្គមជាតិមួយដែលមាន ការយកចិត្តទុកដាក់កាន់តែ ខ្ពស់ចំពោះសុខុមាលភាព របស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។ ជាការពិតការប្រារព្ធទិវាមនុស្ស ចាស់កម្ពុជានិងទិវា មនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ។

សម្ដេចតេជោ ក៏បានថ្លែងកោតសរសើរ ចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បី មនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ និងសូមកោតសរសើរចំពោះ កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរាជរដ្ឋាភិបាល និងសមាគមនានា ដែលបានធ្វើសកម្មភាពគាំទ្រ ប្រកបដោយមនុស្សធម៌ និង សាមគ្គីធម៌ចំពោះមនុស្សចាស់ នៅតាមសហគមន៍នានា។
ជាមួយគ្នានេះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថា «អំពើល្អ និងកាយវិការដ៏ល្អប្រពៃ ដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេស ជួយមនុស្សចាស់ជរា
គឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃ ដែលបានធ្វើចំពោះមនុស្សជំនាន់មុន គឺពិតជាបានបន្សល់ទុកឲ្យ កូនចៅជំនាន់ក្រោយបានរៀនសូត្រ និងត្រងត្រាប់តាមដែលយើង នឹងបានទទួលនូវភាពកក់ក្តៅ ពោរពេញដោយក្តីសង្ឃឹមនិងជឿជាក់ថា កូនចៅជំនាន់ក្រោយនឹងជួយ ទំនុកបម្រុងបានល្អដូចដែលយើងបាន ទំនុកបម្រុងដល់ មនុស្សចាស់ជំនាន់មុនដែរ» ។

ដើម្បីរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ មនុស្សវ័យចាស់ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ ៨ចំណុចដូចខាងក្រោម៖
•ទី១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យចាស់ ឱ្យបានកាន់តែល្អប្រសើរឡើង។
• ទី២ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ នៅពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេស ជនចាស់ជរាពិការដែលមានការ លំបាកនៅតាមសហគមន៍។
•ទី៣ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា សូមជួយបង្កលក្ខណៈ ងាយស្រួលដល់សមាគម មនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្ត ដល់ការអន្តរាគមន៍ជំរុញ សកម្មភាពបង្កើតសមាគ មមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក រវាងមនុស្សចាស់ទូទៅ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេស មនុស្សចាស់ជរាពិការ និងមនុស្សចាស់ជរាក្រីក្រគ្មានទីពឹង។
•ទី៤ កាកបាទក្រហមកម្ពុជា មូលនធស្ថានីយវិទ្យុនិងទូរទស្សន៍ ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានា សូមបន្តបង្កើនសកម្មភាព ឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារៈ ថវិកា បច្ចេកទេសសម្រាប់ផ្តល់សេវា សុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលបាននិងកំពុងជួបប្រទះការលំបាក ទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
•ទី៥ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សូមបន្តយកចិត្តទុកដាក់ផ្តល់ការអប់រំ សីលធម៌និងទំនៀមទម្លាប់ល្អៗដល់សិស្ស និស្សិតគ្រប់រូបឱ្យចេះគោរពព្រឹទ្ធាចារ្យ និងចេះថែទាំមនុស្សចាស់ ដែលជាប្រពៃណីដ៏ល្អ របស់ប្រជាជាតិខ្មែរយើង។
•ទី៦ គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ និងទំនៀមទម្លាប់ល្អរបស់ខ្មែរយើង ជាពិសេស ត្រូវអប់រំកូនចៅនិងក្មេងជំនាន់ក្រោយឱ្យចេះ គោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា និងចេះគោរពព្រឹទ្ធាចារ្យ។
•ទី៧ សូមជនរួមជាតិយើងទាំងអស់ មេត្តារួមគ្នាជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រគ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅ បានសមរម្យតាមសហគមន៍នីមួយៗ ដោយអាចកសាងជាមណ្ឌលមនុស្សចាស់ ជាពិសេស នៅទីវត្តអារាម វិហារសាសនាដែលអាចជួយផ្តល់ជាទីជម្រក ឬអាហារទៅតាមលទ្ធភាពដែលអាចធ្វើបាន។
•ទី៨ គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវស្នាដៃនិងសមិទ្ធផលនានា ដែលមនុស្សវ័យចាស់បាន បន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានា ដែលបង្ហាញអំពីការយកចិត្តទុកដាក់ និងលើកស្ទួយសុខុមាលភាព មនុស្សវ័យចាស់នៅក្នុងសង្គមកម្ពុជាយើង ៕
ដោយ៖ ខា ដា

Facebook Comments

To Top