អន្តរជាតិ

អាមេរិក កំពុងបង្កើតកងកម្លាំងចម្រុះ ក្រោយការវាយប្រហារ រោងចក្រប្រេង នៅអារ៉ាប៊ីសាអូឌីត

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា ខ្លួនកំពុងតែបង្កើតកងកម្លាំងចម្រុះមួយ ដើម្បីទប់ទល់នឹងការគម្រាមកំហែង ពីប្រទេសអ៊ីរ៉ង់ ក្រោយពីមានការវាយប្រហារ ទៅលើរោងចក្រផលិតប្រេង របស់អារ៉ាប៊ីសាអូឌីត កាលពីចុងសប្ដាហ៍មុន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រាប់អ្នកសារព័ត៌មានថា “យើងនៅទីនេះ (ប្រទេសអារ៉ាប៊ីសាអូឌីត) ដើម្បីកសាងកងកម្លាំងចម្រុះមួយ ដែលមានគោលបំណង សម្រេចបានសន្តិភាព និងដំណោះស្រាយសន្តិវិធី នោះជាបេសកកម្មរបស់ខ្ញុំ នោះជាអ្វីដែលលោកប្រធានាធិបតី ត្រាំ ចង់ឲ្យខ្ញុំធ្វើការងារ ដើម្បីសម្រេចឲ្យបានពិតប្រាកដ ហើយខ្ញុំសង្ឃឹមថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មើលឃើញវាបែបនោះ”។

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការព្រមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យអូសទាញ ឲ្យមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងបាននិយាយថា ខ្លួននឹងធ្វើការឆ្លើយតបវិញយ៉ាងខ្លាំងក្លា ចំពោះសកម្មភាពវាយលុកណាមួយ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top