ព័ត៌មានជាតិ

ពលរដ្ឋម្នាក់ ក្នុងចំណោម ២នាក់ ដែលបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀង នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានក្រុមសង្រ្គោះរកឃើញ

ភ្នំពេញ៖ ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោម ២នាក់ ដែលបាត់ខ្លួនកាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅដោយសាររត់គេចពី គ្រោះទឹកជំនន់ក្រោយទឹកភ្លៀងធ្លាក់ គំហុកបណ្ដាលឲ្យបាក់ដី នៅតំបន់ជ្រលងជួរភ្នំផ្នែកខាងលើ នៃស្រុកសំឡូតខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរ និងកងកម្លាំងឈរជើង នៅតំបន់ព្រំដែន នៃស្រុកសំឡូត បានស្វែករកឃើញម្នាក់ ទៀតបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ។

យោងតាមសេចក្ដីរាយការណ៍ របស់មន្ទីរព័ត៌មានជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះដែលបាន រកឃើញមានឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៥ឆ្នាំ ។

អាជ្ញារស្រុកបានឱ្យដឹងថា យុវជន ឆាង កុយ ជាជនរងគ្រោះទី៥ ហើយដែលរកឃើញ ស្ថិតនៅក្នុងក្រុមយុវជន ចំនួន៦នាក់ ដែលបានរួមដំណើរ ទៅកាន់តំបន់នោះជាមួយគ្នា ។

តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ទ្រឹង កុសល កំពុងសម្រាកព្យាល នៅមន្ទីរពេទ្យខេត្តបាត់ដំបង ដែលត្រូវបានលោកអភិបាលខេត្តស្តីទី ហឿង សុគន្ធ ចុះសួរសុខទុក្ខនៅថ្ងៃទី១៨ ខែកញ្ញានោះ បានឲ្យដឹងថាក្រុមរបស់គាត់សរុបមានគ្នា ៦នាក់ បានឡើងទៅលើភ្នំមួយកន្លែងស្ថិតក្នុង ទឹកដីថៃរកអនុផលព្រៃឈើ និងមានចម្ងាយប្រហែល ២៥០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ភ្លាមៗនោះក៏មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកហូរច្រោះដី នាំមកទាំងដើមឈើ និងផ្ទាំងថ្មធំៗរមៀលចុះមកក្រោម ទើបធ្វើឲ្យពួកគាត់ សម្រេចចិត្តរត់គេចចេញ តែក្នុងនោះមានមនុស្ស ២នាក់ ក្នុងចំណោម៦នាក់បាន រត់ឡើងទៅប៉ែកខាងលើ និង៤នាក់ទៀត បានរត់ចុះមកក្រោម ក្នុងចំនួន៤នាក់នោះមានរូបប្អូនម្នាក់ដែរ ដែលបានរត់ចុះមកក្រោម ៣នាក់មិនមានរបួសនោះទេ គឺមានតែប្អូនប៉ុណ្ណោះ មានទាំងរបួសពេញខ្លួន និងក្បាល ដែលត្រូវបានអាជ្ញា មូលដ្ឋានជួយបញ្ជូនមក សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បាត់ដំបង ។

ដោយឡែកជនរង គ្រោះ២នាក់ទៀតដែល បាន រត់គេចទៅប៉ែកខាងលើនោះ បានបាត់ខ្លួន ។ ក្នុងករណីនេះបន្ទាប់ពីបានដឹង ព័ត៌មានពីជនរងគ្រោះ ទ្រឹង កុសល អាជ្ញាធរខេត្ត ស្រុក កងកំលាំងប្រដាប់អាវុធឈរជើង នៅព្រំដែន បានដុតដៃដុតជើងចុះរុករកជនរងគ្រោះដែលបាន បាត់ខ្លួនទាំង២នាក់ បន្តទៀត ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩មក ដោយសារកន្លែងកើតហេតុ មានចម្ងាយឆ្ងាយនិងផ្លូវពិបាកចូលដល់ ព្រមទាំងស្ថិតក្នុងទឹកដីថៃ ។ ក្នុងនាមអាជ្ញាធរខេត្ត ស្រុក និងក្នុងនាមគណៈ បញ្ជាការឯកភាពខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីយោធា ដែលឈរជើង នៅតំបន់នោះ ស្គាល់ភូមិសាស្រ្តច្បាស់ និងជូនដំណឹងទៅដល់យោធាថៃ ក្នុងការបន្ត រុករកជនរងគ្រោះដែលបានបាត់ខ្លួនទាំង ២នាក់នោះបន្តទៀត ទើបមកដល់ថ្ងៃទី១៩ ខែកញ្ញានេះ បានរកឃើញជនរងគ្រោះម្នាក់ និងម្នាក់ទៀត កំពុងស្វែងរកមិនទាន់ឃើញនូវឡើយ៕

Facebook Comments

To Top