កីឡា

បឹងកេត ឡើងវគ្គផ្ដាច់ព្រ័ត្រ ពានសម្ដេច ហ៊ុន សែន លើកដំបូង ក្រោយទម្លាក់វិសាខា ៤-០ យប់មិញ

ភ្នំពេញ៖ ក្រុមបឹងកេត បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយទម្លាក់ក្រុមសម្បូរដោយ កីឡាករជម្រើសជាតិ គឺក្រុមវិសាខា ដោយលទ្ធផល ៤-០ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ លើកដំបូង ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ កាលពីយប់មិញ នៅពហុកីឡដ្ឋានជាតិ ។

ជាមួយការប្រកួតដ៏សំខាន់នេះ ត្រូវបានអ្នកគាំទ្រមួយចំនួន ចាត់ទុកជាការលទ្ធផលបញ្ច្រាស់ ដោយអ្នកខ្លះ បានដាក់ក្ដីរំពឹងលើវិសាខា ជាងបឹងកេត ។ តែលទ្ធផលប្រកួតជាក់ស្ដែង ទោះបីវិសាខា មានឱកាសគ្រប់គ្រងបាល់ច្រើនក្ដី តែឱកាសបញ្ចប់ទីមិនសំណាងដូចបឹងកេតឡើយ ពិសេសខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលរកបាន ៣គ្រាប់ម្នាក់ឯង មុនកីឡាករ ម៉ុន វ៉ាន់ដា បន្ថែម ១គ្រាប់ ដើម្បីបញ្ចប់ដង្ហើបវិសាខាពីពាននេះតែម្ដង ។

សម្រាប់ជ័យជម្នះនេះ បានធ្វើឲ្យបឹងកេត បង្កើតកំណត់ត្រាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកដំបូង បើគិតតាំងពីឆ្នាំ២០១២ ហើយពួកគេនៅ ឈររង់ចាំអ៊ុតលទ្ធផល គូប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ១ប្រកួតទៀត រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ដែលនឹងត្រូវប៉ះគ្នាម៉ោង ៦ល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ដើម្បីយកក្រុមឈ្នះឡើងទៅជួបបឹងកេត នៅវគ្គផ្ដាច់ព្រ័ត្រ នាខែក្រោយ ៕

Facebook Comments

To Top