អន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ លើកឡើងគំនិត ចង់ផ្លាស់ប្តូររាជធានី ដើម្បីការពារកំណើន មនុស្សយ៉ាងកកកុញ

បាងកក៖ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃពុធថា ការផ្លាស់ប្តូររាជធានី គឺជាលទ្ធភាពមួយ ដើម្បីការពារកុំអោយ មានមនុស្សច្រើន កកកុញពេក។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា នៅក្នុងសិក្ខាសាលា ដែលមានចំណងជើងថា“ ការតភ្ជាប់ប្រទេសថៃ ជាមួយពិភពលោក” នៅទីក្រុងបាងកក លោកប្រាយុទ្ធ បានលើកឡើង ពីលទ្ធភាពពីរ ក្នុងការផ្លាស់ប្តូររាជធានី។

លោកប្រាយុទ្ធមាននិយាយថា « ទីមួយគឺត្រូវរកទីក្រុងមួយ ដែលមិនឆ្ងាយ និងមិនថ្លៃពេកដើម្បីរើទៅ ។ ទី ២ គឺការកាត់បន្ថយចំនួន ប្រជាជនដែលនៅកណ្តាល ក្រុងបាងកក»។

លោកថាវិធីសាស្រ្តទី ២ អាចចូលរួមចំណែក ក្នុងការការពារទីក្រុងបាងកក ក្នុងការរក្សាទីតាំងសំខាន់ៗ ខណៈអគាររដ្ឋាភិបាល និងទីតាំងអាជីវកម្ម អាចត្រូវបានផ្លាស់ប្តូរ ទីតាំងទៅបរិវេណទីក្រុង។ វិធីសាស្រ្តទី២នេះ នឹងកាត់បន្ថយតម្រូវការ សម្រាប់មនុស្សជាច្រើន ក្នុងការធ្វើដំណើរចូល និងចេញពីកណ្តាលទីក្រុង ដូច្នេះវាអាចកាត់បន្ថយ ការកកស្ទះចរាចរណ៍បាន។

លោក ប្រាយុទ្ធ បន្ថែមថា ការផ្លាស់ប្តូររាជធានីនេះ គ្រាន់តែជាគំនិតមួយ ហើយត្រូវការការស្រាវជ្រាវ យ៉ាងទូលំទូលាយ អំពីផលប៉ះពាល់ សេដ្ឋកិច្ច និងសង្គមប៉ុន្តែវាអាចស្ថិត នៅក្រោម ការគ្រប់គ្រង ក្នុងរដ្ឋបាលរបស់លោក៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top