ព័ត៌មានជាតិ

ប្រតិភូ នៃប.ស.ស កម្ពុជា ចូលរួមកិច្ចប្រជុំ សមាគមសន្តិសុខសង្គម​អាស៊ាន លើកទី៣៦ នៅប្រទេសប្រ៊ុយណេ

ប៊្រុយណេដារូសាលឹម៖​ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំ សមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៦ (36th ASSA Board Meeting) ក្រោមប្រធានបទស្តីពី “បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង៖ ឥទ្ធិពលផ្នែកនវានុវត្តន៍របបសន្តិសុខសង្គម” ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីបង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan) នៃប្រទេសប៊្រុយណេដារូសាលឹម (Brunei Darussalam)។

លោក Dato Paduka Seri Haji Aminuddin Ihsan រដ្ឋមន្ត្រីនៃក្រសួងវប្បធម៍, យុវជន និងកីឡា នៃប្រទេសប៊្រុយណេ បានអញ្ជើញជាអធិបតីភាព​ បើកកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៦ ព្រមទាំងមានការចូលរួម ពីសំណាក់លោកជំទាវ Nguyen Thi Minh អនុរដ្ឋមន្ត្រី អគ្គនាយក នៃអង្គភាពសន្តិសុខសង្គមវៀតណាម និងជាប្រធានសមាគមសន្តិសុខសង្គមអាស៊ាន, លោក Dao Viet Anh អគ្គលេខាធិការ ASSA, ថ្នាក់ដឹកនាំ និងតំណាងអង្គភាពសន្តិសុខសង្គមអាស៊ាន, តំណាងអង្គការអន្តរជាតិខាងការងារ (ILO), តំណាងសមាគម សន្តិសុខសង្គមអន្តរជាតិ (ISSA), និងមន្ត្រីរាជការ នៃរាជរដ្ឋាភិបាលប៊្រុយណេ ប្រមាណ ២០០នាក់ ។

ក្នុងឱកាសនោះដែរ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានទទួលពានរង្វាន់ ស្តីពីការផ្តល់សេវាធានារ៉ាប់រងសុខភាព សម្រាប់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន (Health Care Scheme for Public Employees, Former Civil Servants and Veterans) ពីលោកជំទាវ Nguyen Thi Minh ប្រធានសមាគមសន្តិសុខសង្គមអាស៊ានផងដែរ។

គួរបញ្ជាក់ផងដែរថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នឹងទទួលតំណែង ជាអនុប្រធានបន្តវេន នៃសមាគម សន្តិសុខសង្គម អាស៊ាន (ASSA) និងត្រៀមរៀបចំជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំ សមាគមសន្តិសុខសង្គមអាស៊ាន លើកទី៣៧ (the 37th ASSA Board Meeting) ដែលនឹងប្រព្រឹត្តទៅ នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២០ ខាងមុខនេះ។

គួររំលឹកផងដែរថា៖ កន្លងមក ប.ស.ស. ធ្លាប់បានទទួលពានរង្វាន់ ចំនួន ០៣លើករួចមកហើយ ដែលលើកទី០១ ទទួលបានពានរង្វាន់អង្គភាពឆ្នើម ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ (Innovation Recognition Award: Employment Injury Insurance, EII) ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរី នាកិច្ចប្រជុំក្រុមប្រឹក្សាភិបាល (ASSA) លើកទី៣២។ លើកទី០២ ទទួលបានពានរង្វាន់ឆ្នើមស្តីពី ការគ្របដណ្តប់ ផ្នែកការធានារ៉ាប់រង សន្តិសុខសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ (INSURANCE COVERAGE EXCELLENCE AWARD ON HEALTH INSURANCE SCHEME) កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន។ លើកទី ០៣ ទទួលបានពានរង្វាន់ ស្តីពីការផ្តល់សេវាល្អ សម្រាប់របបថែទាំសុខភាព (Customer Service Health Insurance Scheme) ពីសមាគមសន្តិសុខសង្គម អាស៊ាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Nha Trang ប្រទេសវៀតណាម៕

Facebook Comments

To Top