នយោបាយ

អគ្គស្នងការដ្ឋាន នគរបាលជាតិ បញ្ជាកងកម្លាំង ការពារសន្តិសុខ ថ្ងៃភ្ជុំបិណ្ឌ ខណៈមានក្រុមឧទ្ទាម គ្រោងប្រមូលផ្តុំផ្តួល រំលំរាជរដ្ឋាភិបាល (វីដេអូ)


ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកងកម្លាំងមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខ សុវត្ថិភាព នាថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងគ្រាដែលក្រុមឧទ្ទាមក្រៅ ច្បាប់រៀបចំគម្រោងប្រមូលផ្តុំគ្នា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ក្រោយបញ្ចប់ពិធីប្រជុំផ្សព្វផ្សាយសភាពការណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កិច្ចប្រជុំដើម្បីផ្សព្វផ្សាយនូវសភាពការណ៍ថ្មី ពាក់ព័ន្ធស្ថានភាពសណ្តាប់ធ្នាប់សន្តិសុខសង្គមកម្ពុជា ជាពិសេសពង្រឹងសមត្ថភាពកងកម្លាំងនគរបាលឲ្យយកចិត្តទុកដាក់ក្នុងការធានាសន្តិសុខសង្គម ។

លោកថា ខណៈសភាពការណ៍ថ្មីៗនេះ គឺមានចលនាក្រុមឧទ្ទាមក្រៅច្បាប់មានចេតនាប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូច្នេះត្រូវតែមានវិធានការការពារជារឿងធម្មតា។

លោក ឆាយ គឹមខឿន បញ្ជាក់ថា “ទិសដៅនាយឧត្តមសេនីយ៍ សង្កត់ធ្ងន់គឺថា ការពង្រឹងសមត្ថភាពក្នុងការការពារសុវត្ថិភាពបុណ្យភ្ជុំបិណ្ឌ និងការពង្រឹងសន្តិសុខជារួមមិនអនុញ្ញាតិឲ្យកម្លាំងអមិត្ត ឬពួកឧទ្ទាមណាមកបំផ្លិចបំផ្លាញសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់របស់ជាតិដែលយើងកំពុងមាន”។

ពាក់ព័ន្ធទៅនឹងករណីលោក សម រង្ស៊ីដែលមានគម្រោងរៀបចំចូលមកកម្ពុជាតាមព្រំដែនលោក ឆាយ គឹមខឿន បានបញ្ជាក់ថា គឺកងកម្លាំងនគរបាលតាមព្រំដែនបានត្រៀមខ្លួនរួចជាស្រេចហើយ ។

សូមបញ្ជាក់ថា រហូតមកដល់ខែថ្ងៃទី១៦ កញ្ញា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សចំនួន២៤នាក់ហើយដែលជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិដែលពួកគេប្រមូលកម្លាំងពលរដ្ឋ និងរៀបចំធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ត្រឹមត្រូវ ៕

Facebook Comments

To Top