នយោបាយ

លោក គង់ គាំ ផ្តាំទៅទូតអាមេរិកថ្មី ឱ្យបន្តទំនាក់ទំនងល្អ កន្លងមក លើឯករាជ្យ ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា

ភ្នំពេញ៖ ប្រធានកិត្តិយសគណប្សឆន្ទៈខ្មែរ លោក គង់ គាំ នៅថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានផ្តាំផ្ញើទៅ ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកថ្មី លោក ប៉ាទ្រីក ម៉ហ្វី ឱ្យបន្តទំនាក់ទំនងល្អ កន្លងមក លើឯករាជ្យ ប្រជាធិបតេយ្យ និងការអភិវឌ្ឍដែលមានស្រាប់ជាការប្រសើរ ដោយនៅប្រទេសកម្ពុជា មានមហាអំណាច២ នៅអាស៊ី បាននិងកំពុង មើលថែ ដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក គង់ គាំ បានសរសេរថា “កម្ពុជាដែលមានមហាអំណាចអាស៊ីពីរគឺ  ចិន និងជប៉ុន កំពុងជួយស្តារ កសាងក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្ញុំសូមឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកថ្មី លោក ប៉ាទ្រីក ម៉ហ្វី បន្តទំនាក់ទំនងល្អកន្លងមក លើឯករាជ្យ ប្រជាធិបតេយ្យ និងការអភិវឌ្ឍដែលមានស្រាប់ជាការប្រសើរ”។

លោក គង់ គាំ ដែលជាអតីតអនុប្រធានគណបក្សសមរង្ស៊ីផងដែរនោះ បានសរសេររៀបរាប់ទៀតថា៖ ឆ្នាំ២០១៣ មិនទាន់ចេញមុខ(ក្បាលលាក់ )និងឆ្នាំ២០១៩ ចេញមកពាក់ព័ន្ធ (កន្ទុយលេច) អំពីការប្រព្រឹត្ដព្រមជាប្រព័ន្ធ រវាងមេដឹកនាំអតីត CNRP និងបរទេសជាអាទិ៍ សហរដ្ឋអាមេរិកសហគមអឺរ៉ុប អង្កការអន្ដរជាតិ អំពី(ការផ្លាស់ប្ដូរជាអវិជ្ជមានតាមរយៈការបោះឆ្នោត)គួបផ្សំ(ការផ្តួលរំលំតាមកំលាំងប្រជាពលរដ្ផ ក្រៅការបោះឆ្នោត) ដើម្បីយកឈ្នះ ដោយទុច្ចរិតលើគណបក្សប្រជាជនកម្ពុជា ពិសេសបង្ខំអោយ លោកនាយករដ្ផមន្រ្ដី ហ៊ុន សែន ចុះចេញពីតំណែង(ការវិវត្ដរហូតមកនោះ គឹធ្លាក់ទៅក្នុងកន្លងអតីតកាល ដែលបានទម្លាក់សម្ដេច នរោត្ដមសីហនុនិងបានបំផ្លាញ សង្គមរាស្រ្ដនិយមដដែល ម្ដងទៀត)។

លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ

អ្នកនយោបាយជើងចាស់ និងមានពិសោធន៍រូបនេះ បានបន្តថា៖ ការបង្ហោះសាររំលឹកថ្ងៃចាប់ខ្លួន គំរប់ឆ្នាំទីពីររបស់កឹមសុខា ដោយបានប្រៀបទៅនឹងការចាប់ខ្លួនឪពុករបស់លោក សម័យខ្មែរក្រហម ទាំងកណ្ដាលយប់ ដោយបន្សល់ទុកនូវការឈឺចាប់ព្រាត់ប្រាស់ មិនអាចជួសជុលប៉ះប៉ូវបាននោះ អាចចាត់ទុកជាការវាយប្រហារថារបបខ្មែរក្រហម និងរបបបច្ចុប្បន្ន គឺឃោរឃៅដូចគ្នា។

លោកបានបន្ថែមថា៖ ប៉ុន្តែខ្លឹមសារក្នុងសារដដែល ក៏បានស៊កសង ទៅលោក សម រង្ស៊ី (ដែលលោក កឹម សុខា និងក្រុម កឹម សុខា និយម មិនបានទទួលស្គាល់ថា ជាប្រធានស្តីទីអតីតCNRPសោះនោះ) ប្រាប់ សម រង្ស៊ី វិញថា៖ មេដឹកនាំនយោបាយ (ជាប់គុក ឬស្លាប់) មិនមែនល្ងង់ និងគ្មានប្រយោជន៍នោះទេ។  សារមានន័យវាយបកបន្ថែមថា៖ បើមេដឹកនាំនយោបាយខ្លួនឯង មិនហ៊ាន(រងទុក្ខ រងទោស) តែជម្រុញអ្នកដទៃ(ជារបាំង-ជាឈ្នាន់)ដើម្បីខ្លួន និងបក្សពួកខ្លួន ប្រមូលផលនោះ គឺខ្លួនមេដឹកនាំនយោបាយនោះ គ្រាន់តែជាដង្ខៅនយោបាយ ដ៏កំសាកតែប៉ុណ្ណោះ។

-លោក គង់ គាំ កត់សម្គាល់ថា៖ តាមន័យក្នុងសារលោក កឹម សុខា បញ្ជាក់ថា៖ (ខ្លួនលោកសុខចិត្តទទួលទុក្ខទោស) និងសូមទូន្មានណែនាំអោយកូនចៅ អោយអ្នកទាំងឡាយ បន្តការតស៊ូស្របច្បាប់ អហិង្សាជានិច្ច គឺកុំនាំទុក្ខទោស ដល់ខ្លួន ទៅគាំទ្រនយោបាយបង្កភាពវឹកវរ ចលាចលដែលអាចឈានដល់ការបង្ហូរឈាម ឬសង្គ្រាមបំផ្លាញប្រទេស និងប្រជាពលរដ្ឋខ្មែរជាថ្មី(ព្រោះកម្ពុជា និងខ្មែរបានរងទុក្ខសោកច្រើនណាស់មកហើយ)។

ប្រធានកិត្តិយសបក្សឆន្ទៈកូនខ្មែររូប បន្តថា “(តាមយោបល់របស់ខ្ញុំ) ជាសរុប លោក កឹម សុខា បានសម្តែងសុទិដ្ឋិ ចំពោះភាពមិននៅស្ងៀម មិនទុកបណ្តោយអោយសោកនាដកម្ម និងវិនាសកម្មកើតឡើង ដើម្បីបំផ្លាញកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយក្រុម(អាត្មានិយមមួយក្តាប់តូចនោះឡើយ)”។

លោក លើកឡើងជាទស្សនទានថា “ក្នុងឋានៈជាប្រធានកិត្តិយសគណបក្ស ឆន្ទៈខ្មែរ ខ្ញុំយល់ថា៖ មេដឹកនាំ និងក្រុមអ្នកនយោបាយដែលចង់(ឈូស/ឆា)មិនគោរពព្រះមហាក្សត្រ មករំលាយសភា មករំលាយតុលាការ រំលាយការអភិវឌ្ឍ រំលាយភាពសុខចម្រើនបច្ចុប្បន្ន គឺជាក្រុមបដិវត្តដ៏គ្រោះថ្នាក់បំផុតសម្រាប់កម្ពុជារបស់យើងគ្រប់ៗគ្នា”៕

 

Facebook Comments

To Top