ព័ត៌មានជាតិ

នាយកស្តីទី ប.ស.ស​ អំពាវនាវ ដល់អ្នកបើកបរ​ រថយន្តដឹកកម្មករ-និយោជិត គោរពខ្ជាប់ខ្ជួនសីលធម៌ ១០ចំនុច សម្រាប់សុវត្តិភាព​ ចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ប៉ែន នរៈវុធ នាយកស្តីទី របបសន្តិសុខសង្គម (ប.ស.ស) តំណាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជាអធីបតីភាពក្នុងអង្គសិក្ខាសាលាឧស្សាហ៍កម្មស្តីពី “ការប្រែក្លាយពីយុទ្ធសាស្រ្ត ឱ្យទៅជាសកម្មភាពជាក់ស្តែង និងលើកម្ពស់សុវត្តិភាព ក្នុងការធ្វើដំណើរសម្រាប់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ដោយមានការចូលរួមពី ក្រសួង ស្ថាប័ន អង្គការ តំណាងរោងចក្រ​ សហគ្រាស គ្រិះស្ថាន នានា ។

សិក្ខាសាលាខាងលើនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីការចូលរួមលើកកម្ពស់ សុវត្តិភាពចរាចរណ៍ផ្លូវគោក របស់កម្មករនិយោជិត និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យស្ថិតនៅកម្រិតទាប។

ទន្ទឹមនឹងនេះដែរ លោក ប៉ែន នរៈវុធ ក៏បានអំពាវនាវ ដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ មេត្តាគោរពឱ្យបានខ្ជាប់ខ្ជួននូវសីលធម៌ ១០ចំនុច សម្រាប់សុវត្តិភាពចរាចរណ៍ផ្លូវគោក៖
– មិនត្រូវបើកបរ លើសល្បឿនកំណត់ដាច់ខាត
– មិនត្រូវបើកបរ ស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត
– មិនត្រូវបើកបរ ស្ថិតក្រោមឥទ្ធិពល នៃគ្រឿងញៀនដាច់ខាត
– មិនត្រូវបើកបរ ស្ថិតក្រោម​ស្ថានភាព ងងុយដេកដាច់ខាត
– ត្រូវចេះបើកបរ ឱ្យបានត្រឹមត្រូវជាដាច់ខាត
– ត្រូវពាក់មួកសុវត្ថិភាពជានិច្ច
– ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច
– ត្រូវប្រកាន់ស្តាំជានិច្ច
– ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
– ត្រូវប្រុងប្រយ័ត្នជានិច្ច៕

Facebook Comments

To Top