នយោបាយ

បក្សកាន់អំណាច ព្រមានថា ការចាប់ខ្លួនសកម្មជន អតីតបក្សប្រឆាំង៦នាក់ ចុងក្រោយនេះ មិនមែនជាចុងបញ្ចប់ទេ (វីដេអូ)


ភ្នំពេញ ៖ បន្ទាប់ពីសកម្មជន អតីតបក្សប្រឆាំងមួយចំនួន ត្រូវបានចាប់ឃុំខ្លួន ជាបន្តបន្ទាប់ពាក់ព័ន្ធ ករណីប្រមូលកៀងគរកម្លាំង ប្រជាពលរដ្ឋ ដើម្បីត្រៀមធ្វើបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់នោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាបានអះអាងថា ការចាប់ខ្លួនសកម្មជន ចំនួន៦នាក់ ចុងក្រោយនេះ មិនមែនជាចុងបញ្ចប់ទេ ពោលគឺនឹងមានការចាប់ខ្លួន ជាបន្តបន្ទាប់ទៀត ប្រសិនបើពួកគេ នៅតែគឃ្លើន ប្រព្រឹត្តល្មើសច្បាប់ ។

លោក សុខ ឥសាន បានសរសេរបញ្ជាក់ ក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម ស្ដីពីពីនេះពីនោះពាក់ព័ន្ធនឹងកម្ពុជា (១៤០) នៅថ្ងៃទី១៦ កញ្ញានេះត្រង់ចំណុចទី៨ថា “ការចាប់សកម្មជន ៦នាក់ចុងក្រោយនេះ មិនមែនជាចុងបញ្ចប់ទេ បើនៅតែគឃ្លើនប្រព្រឹត្តល្មើសច្បាប់” ។

ពាក់ព័ន្ធករណីនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិថ្លែង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ថា ពួកគាត់ទាំង៦នាក់ទទួលផែនការ ពីក្រុមឧទ្ទាមក្រៅប្រទេស ដើម្បីចង់មកដណ្តើមយកអំណាច តាមរយៈការធ្វើបដិវត្តន៍ពណ៌ និងតាមរយៈការរៀបចំផែនការ បង្កអសន្តិសុខក្នុងសង្គម។

ជាក់ស្តែងមួយរយៈពេលចុងក្រោយនេះ នៅតាមមូលដ្ឋានមានសកម្មជនគាំទ្រ អតីតគណបក្សប្រឆាំងបានជួបជុំគ្នា ដើម្បីរៀបចំផែនការទទួលលោក សម រង្ស៊ី ដែលបានអះអាងថា នឹងមកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ។

បើតាមការអះអាងពីលោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៩ សកម្មជនគាំទ្រអតីតបក្សប្រឆាំង ចំនួន១៨នាក់ ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ៕

Facebook Comments

To Top