ព័ត៌មានជាតិ

ស្នងការខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាកធ្វើចរាចរ នៅលើផ្ទៃសមុទ្រ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានដាក់បទបញ្ជា ឲ្យផ្អាកទូកដឹកអ្នកដំណើរទៅតាមកោះ មិនឲ្យធ្វើចរាចរមួយរយៈ ដោយសារលើផ្ទៃសមុទ្រ មានភ្លៀងព្យុះមួយយប់ទល់ភ្លឺ ហើយបណ្តាលឲ្យ លិចទូកនេសាទមួយគ្រឿង។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។

លោកវរសេនីយ៍ទោ ខឹម សុផល នាយ ការិយាល័យ នគរបាលចរាចរណ៍ផ្លូវទឹក ខេត្តព្រះសីហនុ បានឲ្យដឹង ថា តាំងពីយប់រហូតមកដល់ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ព្រមទាំងមានខ្យល់ព្យុះកន្ត្រាក់ម្តងៗ នៅលើផ្ទៃសមុទ បណ្តាលឲ្យមានរលក់ធំៗ។

ដោយហេតុដូចនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានដាក់បទបញ្ជាឲ្យកម្លាំង នគរបាលចរាចរណ៍ផ្លូវទឹក បន្តការតាមដានអំពីស្ថានការណ៍ អាកាសធាតុ ឲ្យជាប់ជាប្រចាំ។ គ្រប់ផែនាវាដឹកទំនិញ ដឹកជញ្ជូនភ្ញៀវទេសចរ និងផែនេសាទទាំងអស់ ត្រូវបានហាមឃាត់ មិនឲ្យចេញធ្វើអាជីវកម្មឡើយ។

យោងតាមព័ត៌មាន លើផ្ទៃសមុទ្របានឲ្យដឹងថា៖ នៅម៉ោង៥ព្រឹកថ្ងៃទី១៥ កញ្ញា មានទូកនេសាទមួយគ្រឿង បានលិច នៅក្បែរផែរបស់លោក អៀ សុងឃៀង (មេភូមិសុខសាន្ត) ម្ចាស់ឈ្មោះ ម៉ាក់ ធឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្រុម២ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

មូលហេតុដែលលិច បណ្តាលមកពីខ្យល់កន្ត្រាក់ខ្លាំង រលកធំៗ និងលាយឡំ ដោយភ្លៀង ដែលធ្វើឲ្យយុទ្ធការដើរទូក បានរសាត់ទាញចូលទៅឃ្លង រលកបោក ធ្វើឲ្យក្រឡាប់ តែមិនបណ្តាលឲ្យអ្នកនេសាទ ៤នាក់ នៅលើទូក មាន គ្រោះថ្នាក់បាត់បង់ជីវិត ឬបាត់ខ្លួនឡើយ៕

Facebook Comments

To Top