ព័ត៌មានជាតិ

សមត្ថកិច្ចចាប់មនុស្ស ៦នាក់ ដែលប្រមូលកម្លាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ចំនួន៦នាក់ ហើយដែលប្រមូលកម្លាំងប្រជាពលរដ្ឋ និងរៀបចំធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត ត្រឹមត្រូវ។

លោក ឆាយ គឹមខឿន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ថា ពួកគាត់ទាំង៦នាក់ ទទួលផែនការពីក្រុមឧទ្ទាមក្រៅប្រទេស ដើម្បីចង់មកដណ្តើមយកអំណាច តាមរយៈការធ្វើបដិវត្តន៍ពណ៌ និងតាមរយៈការរៀបចំ ផែនការបង្កអសន្តិសុខក្នុងសង្គម។

លោកមានប្រសាសន៍ថា “ចាប់៦នាក់ ក្នុងនោះនៅភ្នំពេញ ២នាក់ នៅបន្ទាយមានជ័យ១នាក់ និងនៅខេត្តកណ្ដាល៣នាក់ ។ គាត់ធ្វើទាំងស្រុង គាត់ដើរញុះញង់ ដើរប្រមូលកម្លាំង ដើម្បីប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល”។

អ្នកនាំពាក្យអគ្គស្នងការពន្យល់ថា ពួកគាត់ទាំង៦នាក់នោះ បានទទួលផែនការពីពួកឧទ្ទាម នៅក្រៅប្រទេស ដើម្បីយកមកផ្សព្វផ្សាយ និងធ្វើសកម្មភាពប្រមូលកម្លាំងពលរដ្ឋ ធ្វើផែនការ ដើម្បីគាំទ្រពួកឧទ្ទាមខុសច្បាប់ ដែលសំងំរស់នៅក្រៅប្រទេស មកធ្វើចលនាអសន្ដិសុខនៅកម្ពុជា ។

លោកថា ភាគច្រើនពួកគេជាអ្នកគាំទ្រ អតីតគណបក្សសង្រ្គោះជាតិ។

ជាក់ស្តែងឃើញថា នៅតាមមូលដ្ឋាននានា អ្នកដែលគាំទ្រអតីតគណបក្សប្រឆាំង បានជួបជុំគ្នាដើម្បីរៀបចំ ផែនការទទួលលោក សម រង្ស៊ី ដែលបានអះអាងថា នឹងមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។

បើតាមការអះអាងពីលោក អេង ឆៃអ៊ាង អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ រហូតមកដល់ខែកញ្ញា ឆ្នាំ២០១៩ សកម្មជនអ្នកគាំទ្រ អតីតបក្សប្រឆាំង១៨នាក់ ហើយត្រូវបានអាជ្ញាធរចាប់ខ្លួន ដែលពួកគេប្រព្រឹត្តអំពើល្មើសច្បាប់ ៕ ដោយ៖ អេង ប៊ូឆេង

Facebook Comments

To Top