នយោបាយ

សម្ដេចតេជោ ៖ ការចូលរួមចំណែក របស់ធនាគារពិភពលោក នឹងជួយឲ្យមានកំណើនឡើងវិញ នូវគម្របព្រៃឈើកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានជំរុញឲ្យធនាគារពិភពលោក ចូលរួមបន្ថែមទៀត ជាមួយប្រជាពលរដ្ឋខ្មែរ ដែលទទួលដីសង្គមកិច្ច ដើម្បីជួយឲ្យពួកគាត់ ទទួលបាននូវការដាំដុះ នឹងទទួលផលបានល្អ ដូច្នេះការចូលរួម របស់ធនាគារពិភពលោក នឹងជួយដល់ការកើនឡើង នៃគម្របព្រៃឈើឡើងវិញនៅកម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី វិចតូរៀ ខ្វាខ្វា (Victoria Kwakwa) អនុប្រធានធនគារពិភពលោក (World Bank) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការផ្តល់ដីសម្បទានសង្គមកិច្ច គឺជានយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។ រយៈពេល៧ឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល មិនផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅក្រុមហ៊ុនឯកជនទៀតឡើយ។

សម្ដេចរំលឹកថា ក្នុងនោះក៏បានកាត់យកមកវិញ នូវដីសម្បទានសេដ្ឋកិច្ចណា ដែលក្រុមហ៊ុន មិនអនុវត្តតាមគោលការណ៍ ឬក៏មិនគោរពតាមច្បាប់របស់រាជរដ្ឋាភិបាល។ ដីសម្បាទានសេដ្ឋកិច្ចមួយចំនួន ក៏បានបែងចែកផ្តល់ទៅពលរដ្ឋ ដែលគ្មានដីប្រើប្រាស់ សម្រាប់បង្កបង្កើនផល ដើម្បីពលរដ្ឋមានជីវភាព រស់នៅកាន់តែល្អប្រសើរ។

សម្ដេចមានប្រសាសន៍ថា “លើកទឹកចិត្ត និងជំរុញឲ្យធនាគារពិភពលោក ចូលរួមយ៉ាងសកម្មថែមទៀត ជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ដែលទទួលបានដីសង្គមកិច្ច ពីរាជរដ្ឋាភិបាល ដើម្បីជួយឲ្យពួកគាត់ ទទួលបាននូវការដាំដុះ នឹងទទួលផលបានល្អ ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឲ្យបានល្អប្រសើរ។ ការចូលរួមរបស់ ធនាគារពិភពលោក នឹងជួយដល់ការកើនឡើង នៃគម្របព្រៃឈើឡើងវិញនៅកម្ពុជា”។

ចំណែកលោកស្រី Victoria Kwakwa លើកឡើងថា ដីសង្គមកិច្ច ដែលរដ្ឋាភិបាលបានចែកឲ្យពលរដ្ឋ ធ្វើការដាំដុះដំណាំកសិកម្ម បានជួយលើកស្ទួយ ជីវភាពរស់នៅពួកគាត់កាន់តែប្រសើឡើង ដែលកូនចៅពួកគេទទួលបាន នូវការអប់រំ និងសេវាសុខភាព ប្រកបដោយគុណភាពផងដែរ ។

លោកស្រីបន្ថែមថា កិច្ចសហប្រតិបត្តិការ រវាងធនាគារពិភពលោក និងរដ្ឋបាលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺការចូលរួម ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាក្នុងវិស័យកសិកម្មផងដែរ ដើម្បីជួយជំរុញការបង្កើនទិន្នផល និងការនាំចេញ របស់កសិផលកម្ពុជា ៕ ដោយ ៖ អេង ប៊ូឆេង

Facebook Comments

To Top