ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងអប់រំ ៖ ការតាំងពិព័រណ៍ស្នាដៃនិស្សិត គឺជាឱកាសសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ទទួលចំណេះដឹងបន្ថែម

ភ្នំពេញ ៖ លោក យ៉ក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការតាំងពិព័រណ៍ស្នាដៃនិស្សិត គឺជាឱកាសសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីទទួលចំណេះដឹងបន្ថែម ជាពិសេស សម្រេចចិត្តជ្រើសរើស ជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សា ដែលខ្លួនពេញចិត្ត។

ក្នុងពិធីតាំងពិព័រណ៍ស្នាដៃនិស្សិត នៅសាកលវិទ្យាល័យន័រតុន នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ លោក យ៉ក់ ង៉ុយ បានឲ្យដឹងថា ការតាំងពិព័រណ៍ស្នាដៃនិស្សិត គឺជាសកម្មភាពគួរឲ្យកោតសរសើរ ពីព្រោះលើកទឹកចិត្តដល់និស្សិត ដែលកំពុងសិក្សា ដើម្បីដុសខាត់សមត្ថភាពរបស់ពួកគាត់។

លោកមានប្រសាសន៍ថា “នេះក៏ជាឱកាសសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីទទួលព័ត៌មាន និងចំណេះដឹងបន្ថែម ជាពិសេស គឺជាតម្រង់ទិសមួយ ដែលជំនួយដល់ការសម្រេចចិត្តជ្រើសរើស ជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សារបស់ប្អូនៗ សិស្សានុសិស្សដែលចង់សាងអនាគត ប្រកបដោយភាពជោគជ័យ និងចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ឲ្យរីកចម្រើនផងដែរ”។

ចំណែក សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន លោក ចាន់ សុខឃាង លើកឡើងថា “ជារៀងរាល់ឆ្នាំ ឆ្លៀតពេលវិស្សមកាល ដើម្បីឲ្យនិស្សិតបានអនុវត្តនៃមេរៀនដែលបានសិក្សារួចហើយនោះ សាកល វិទ្យាល័យន័រតុន តែងតែរៀបចំ ពិព័រណ៍ស្នាដៃនិស្សិត នេះឡើង”។

លោកបន្ដថា ការសិក្សាក្នុងថ្នាក់ និងការប្រឡងមិនគ្រប់គ្រាន់នោះទេ បើមិនមានការអនុវត្ត។លោកថា និស្សិតក៏បានប្រើ ប្រាស់ពេលវេលាស្វែងយល់ពីការធ្វើការងារជាក្រុមផងដែរ។ ដូច្នេះ សកម្មភាពទាំងនេះ ចាត់ទុកជាការជួយឲ្យបន្ថែមតម្លៃ ក្នុងពេលសម្រាករបស់និស្សិត ជាជាងការចំណាយពេលវេលា ដោយមិនមានប្រយោជន៍។

ជាងនេះទៅទៀត លោក ចាន់ សុខឃាង បានបញ្ជាក់ថា អស់រយៈពេលជាង២ទសវត្សន៍មកនេះ ធនធានន័រតុន បានរី កដុះដាលស្ទើរគ្រប់ទិសទី និងគ្រប់វិស័យនៅកម្ពុជា។លោកថា សមិទ្ធផលទាំងនេះ កើតឡើងដោយសារការ ខិតខំប្រឹងប្រែង របស់អ្នកគ្រប់គ្នា ជាពិសេស និស្សិតខ្លួន។

សូមរំលឹកថា បច្ចុប្បន្ន សាកលវិទ្យាល័យន័រតុន មានការ បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ស្ទើរគ្រប់ជំនាញ។ សម្រាប់វិស័យវិទ្យាសាស្រ្ត មានជំនាញ រួមមាន ស្ថាបត្យកម្ម ,កុំព្យូទ័រ ,អគ្គិសនី និងសំណង់ស៊ីវិល។ ចំណែក ជំនាញវិទ្យាសាស្ត្រសង្គម មានដូចជា ពាណិជ្ជសាស្ត្រ ,វិទ្យាសាស្ត្រសេដ្ឋកិច្ច ,ច្បាប់ និងទេសចរណ៍។ សម្រាប់ជំនាញទំនាក់ទំនង និងបង្រៀន គឺស្ថិតនៅក្នុងផ្នែក ភាសាអង់គ្លេស៕

Facebook Comments

To Top