ព័ត៌មានជាតិ

ប្តីដែលច្របាច់.ក សម្លាប់ប្រពន្ធ រួចដុតផ្ទះចោលព្រោះ ខឹងសុំលែង ត្រូវតុលាការខេត្តកណ្តាលឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល ៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តកណ្តាល លោក ទិន សុចិត្រា ថ្លែងថា លោក ហេង ផល្លា ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកណ្តាល នៅល្ងាចថ្ងៃទី១២ ខែកញ្ញា សម្រេចចេញដីកាឃុំខ្លួន ប្តីដែលច្របាច់.ក សម្លាប់ប្រពន្ធ រួចដុតផ្ទះចោលព្រោះខឹងសុំលែង ដាក់ពន្ធនាគារបណ្តោះអាសន្ន។

លោក ទិន សុចិត្រា បន្តថា ជនសង្ស័យត្រូវបានចោទប្រកាន់ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ការផ្តន្ទាទោស ពី១០ឆ្នាំទៅ១៥ឆ្នាំ ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២៖៤០នាទី នៅភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល និង ថ្ងៃឃាត់ខ្លួនជនសង្ស័យបាន គឺនៅថ្ងៃទី១១ ខែកញ្ញា ។ ជនរងគ្រោះឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី បានស្លាប់នៅក្នុងផ្ទះកន្លែងកើតហេតុ ។

ជនសង្ស័យឈ្មោះ វ៉េង វីរៈ ហៅលក្ខណ៍ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងផ្សាដែក ។

បើតាមរបាយការណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដែលទទួលបាន បញ្ជាក់ថា នៅមុនពេលកើតហេតុ ឈ្មោះវ៉េង វីរៈ ជាប្តីនិងឈ្មោះ ហាន ស្រីមុំ ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះដូចរាល់ដងលុះដល់ ម៉ោងកើតហេតុ ក៏ស្រាប់តែមានភ្លើង ឆាបឆេះក្នុងបន្ទប់ កន្លែងដេក បណ្តាលឲ្យឈ្មោះ ហាន ស្រីមុំ ស្លាប់នៅកន្លែងដេកនិងឈ្មោះ វ៉េង វីរៈ រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យនៅភ្នំពេញ ។

ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាង បាននាំគ្នាមកជួយពន្លត់ភ្លើងដែល កំពុង បានរលត់ទៅវិញ។ ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកបានចុះដល់ កន្លែងកើតហេតុ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ។

ករណីនេះសមត្ថកិច្ចជំនាញ ថ្នាក់ខេត្ត និង នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បាន ចុះពិនិត្យសហការជាមួយ ផ្នែកជំនាញស្រុកស្អាង ។

ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្ដាល នោះ ការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង ព្រមទាំងមានការចូលរួមពី នាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជាប្ដីជនរងគ្រោះ ។

តែដោយមូលហេតុ ជនសង្ស័យ រងរបួសដោយសារ ឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការ នាំខ្លួន មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ។

ជនសង្ស័យបានយល់ព្រម សារភាពពីសកម្មភាពរបស់ ខ្លួនដូចខាងក្រោម ៖

នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែល បីទៅបួនថ្ងៃ ជនសង្ស័យ មិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថា អស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យមិន ទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង៥ល្ងាច ក៏ជិះម៉ូតូម៉ាក ហុងដាវេវ ត្រឡប់មកផ្ទះវិញ ដាំបាយ ។ លុះដល់ម៉ោងប្រហែល ៦ជាងល្ងាច ប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញ ទិញម្ហូបឆ្អិនស្រាប់មកជាមួយ បាននាំគ្នាហូបបាយ បន្ទាប់មកជនរងគ្រោះបាន ចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ។

ចំណែកជនសង្ស័យ នៅខាងក្រោមដេកមើល ហ្វេសប៊ុក រហូតដល់ម៉ោង ប្រហែល៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជា មួយជនរងគ្រោះ ពេលនោះជនរងគ្រោះស្លៀករ៉ូបដេកយប់ មិនចាំពណ៌កំពុងចុចមើលទូរស័ព្ទ ខណៈជនសង្ស័យមើលរឿងចិនតាមទូរស័ព្ទ ។ បន្ទាប់មកជនរងគ្រោះបានរអ៊ូ សុំជនសង្ស័យលែងលះគ្នា ដោយបបួលទៅផ្ដិតមេដៃ នៅផ្ទះមេភូមិ តែជនសង្ស័យបដិសេធមិនព្រមក៏ទាស់សំដីគ្នា រហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើ ច្របាច់ក រហូតដល់ស្លាប់តែម្ដង រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឲ្យដេកលើពូកដោយ បានយកភួយនិងខោអាវ គរគ្របពីលើ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូដាក់ដបទឹកសុទ្ធ បានប្រហែលជាង កន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ដែកកេះដុតបណ្ដាលឲ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លឹះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិច ផ្ទះបណ្ដែតខ្លួនចម្ងាយប្រហែលជាង១.០០០ម៉ែត្រក៏ឡើងគោក ឃើញកង់គេទុកចោលទាញជិះទៅផ្ទះ ឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ៕ គិរី

Facebook Comments

To Top