ព័ត៌មានជាតិ

ពលរដ្ឋខ្មែរចំនួន ៤ នាក់ បានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ

បន្ទាយមានជ័យ ៖ នៅវេលាម៉ោង ១០និង ២៤ នាទីព្រឹក ថ្ងៃ ទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ មានហេតុការណ៍រថយន្ត ប្រភេទទេសចរណ៍មួយគ្រឿង ម៉ាក Toyota Camery ពាក់ស្លាកលេខសាកែវ កខ-៣៧៨៩ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បាន បុកយ៉ាងពេញទំហឹង ជាមួយរថយន្តប្រភេទវ៉ែន ដឹកអ្នកដំណើរមួយគ្រឿង ពាក់ស្លាកលេខបាងកក ៣៣-៤៩៣៣ ដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សារ រុងក្លឿ ច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៥ នាក់ និងរងរបួស ៧ នាក់។ ក្នុងនោះ ពលរដ្ឋខ្មែរចំនួន ១០នាក់ (ជាទេសចរ និងអ្នកជំងឺ) ដែលជិះក្នុងរថយន្តវ៉ែន បើកបរដោយជនជាតិថៃ ទិសដៅពីបាងកក មកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានរងគ្រោះស្លាប់ចំនួន ៤នាក់ (៣នាក់ ជាស្ត្រី និងម្នាក់ជាកុមារា)។ ចំណែក ៦នាក់ផ្សេងទៀត គឺ ៤នាក់រងរបួសស្រាល និង ២នាក់រងរបួសធ្ងន់ កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យ។ តៃកុងឡានវ៉ែនដែលជាជនជាតិ ថៃបានស្លាប់។ រីឯអ្នកបើកបររថយន្តទេសចរណ៍កំពុងសន្លប់មិនទាន់ ដឹងខ្លួននៅឡើយ។

មន្ត្រីស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តសាកែវ(ស្រះកែវ) បានចុះទៅកាន់កន្លែង កើតហេតុ ជួបជនរងគ្រោះជាពលរដ្ឋខ្មែរ អាជ្ញាធរពាក់ព័ន្ធថៃ និងបាននិងកំពុង សហការជាមួយសាច់ញាតិសព ជនរងគ្រោះ ជាពលរដ្ឋខ្មែរខាងលើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យ តាមប្រពៃណីនៅកម្ពុជា៕

Facebook Comments

To Top